(ភ្នំពេញ)៖ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦នេះ បានក្រើនរម្លឹកឱ្យយុវជន និងសិស្សានុសិស្សទាំងអស់ នាំគ្នាងាកមកសិក្សាជំនាញវិជ្ជាជីវៈពិត ឱ្យកាន់តែច្រើនដែលជាជំនាញកំពុងមាន ការរីកចម្រើន និងស្របតាមតម្រូវការទីផ្សារការងារច្រើន ជាងជំនាញខ្ពស់ៗ។
ក្នុងទិវាផ្សព្វផ្សាយស្ដីពីវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នាសាលមហោស្រពកោះពេជ្រ ដែលមានអ្នកចូលរួមមកពី ស្ថាប័នពាក់ព័ន្ធ និងសិស្សានុសិស្សជាច្រើនរយនាក់ លោក ពេជ សោភ័ន បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានការផ្លាស់ប្ដូរជាវិជ្ជមាន ជាច្រើនលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ ដោយយុវជនភាគច្រើនកាន់តែយល់ច្បាស់លាស់ ក្នុងការសំដៅរកអាជីព ពិតប្រាកដដ៏ល្អមួយ ដែលអាចទទួលបានប្រាក់ចំណូលល្អសមរម្យ។
លោកបានបន្ថែមថា «ការងារភាគច្រើនដែលទទួលបានមក គឺសុទ្ធតែចេញមកពីអ្នកជំនាញវិជ្ជាជីវៈទាំងអស់ មិនមែនចេញពីអ្នកដែល អង្គុយតែក្នុង Office នោះទេ ដូច្នេះហើយ ខ្ញុំសូមអំពាវនាវ និងជំរុញឱ្យយុវជនកម្ពុជាទាំងអស់ ធ្វើការផ្លាស់ប្ដូរគំនិតរបស់ខ្លួនក្នុងការ ជ្រើសរើសជំនាញការងាររបស់ខ្លួន ដើម្បីទទួលបានការងារអាជីពត្រឹមត្រូវស្របតាមទីផ្សារការងារ នាពេលបច្ចុប្បន្ន»។
ទោះជាយ៉ាងណា លោក ពេជ សោភ័ន នៅតែអះអាងថា បច្ចុប្បន្ន កម្ពុជានៅតែមានការខ្វះខាតនូវឧបករណ៍បង្រៀននិងបញ្ហាផ្សេង ជាច្រើន ដោយហេតុការបើកសាលាបង្រៀនបច្ចេកទេសជំនាញវិជ្ជាជីវៈ មិនងាយស្រួលដូចការបើកសាលាបង្រៀនចំណេះដឹង ទូទៅនោះទេ គឺត្រូវមានគ្រូជំនាញ និងឧបករណ៍បង្រៀនទំនើបៗ និងមានតម្លៃថ្លៃ ប៉ុន្តែរាជរដ្ឋាភិបាល នៅតែប្រែងប្រឹងដាក់វិធានការ ផែនការយុទ្ធសាស្រ្តជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍវិស័យនេះ ឱ្យកាន់តែមានភាពរីកចម្រើនច្រើនថែមទៀត ជាលទ្ធផលនៃការយកចិត្ត ទុកដាក់នេះ ក្រសួងការងារបានបង្កើត និងពង្រីកគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល បច្ចេកទេសវិជ្ជាជីវៈ នៅគ្រប់រាជធានីខេត្តមានចំនួនសរុប ៣៩គ្រឹះស្ថាន ដែលកំពុងផ្ដល់ការបណ្ដុះបណ្ដាលជំនាញ បច្ចេកទេសវិជ្ជាជីវៈគ្រប់ប្រភេទ ទាំងកម្រិតរយៈពេលខ្លីទាំងរយៈពេលវែង ទាំងកម្រិតឧត្តមសិក្សា។
បច្ចុប្បន្ន ក្នុងប្រទេសកម្ពុជា មានគ្រឹះស្ថានចំនួន១២ហើយ ក្នុងចំណោមគ្រឹះស្ថានទាំង៣៩ ត្រូវបានទទួលស្គាល់គុណភាពកម្រិតអន្តរជាតិ ISO 9001. 2008 ហើយវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា NPIC បានក្លាយជាគ្រឹះស្ថានមួយ ដែលបើកចំហឱ្យសិស្ស-និស្សិតនិងយុវជន ទាំងអស់ចូលទៅសិក្សាបាន ដោយទទួលការបណ្ដុះបណ្ដាលមានគុណភាពខ្ពស់។ មិនតែប៉ុណ្ណោះ វិទ្យាស្ថាន NPIC នេះក៏អាច ទាក់ទាញចំណាប់អារម្មណ៍និស្សិតបរទេស មកពីបណ្ដាប្រទេសក្នុងអាស៊ានផងដែរ។
ក្រោយពីបានចូលរួមក្នុងទិវាផ្សព្វផ្សាយស្ដីពីវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនេះ រួចមក សិស្សានុសិស្សមួយក្រុម ដែលតំណាងឱ្យសិស្សានុសិស្សដទៃទៀត បានទទួលចំណេះដឹងជាច្រើន ដែលពួកគេមិនដែលនឹកគិតពីមុនប៉ុន្តែពេលនេះពួកគេបាន យល់ច្បាស់ជាងមុន ពីការជ្រើសរើសនូវជំនាញវិជ្ជាជីវៈរបស់ខ្លួន ដើម្បីទទួលបានការងារអាជីពពិតប្រាកដមួយ សម្រាប់អនាគត របស់ខ្លួន៕