(កំពង់ធំ)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាតជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក សុខ ហៃ អភិបាលរងខេត្តកំពង់ធំ តំណាងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំង ដែលបានខិតខំប្រឹងប្រែងចូលរួមអនុវត្តតាមតួនាទី ភារកិច្ចជំនាញពេលកន្លងមក ទប់ស្កាត់បង្ក្រាប បទល្មើសគ្រប់ប្រភេទជាបន្តបន្ទាប់ ដែលធ្វើឲ្យបទល្មើសមានការថយចុះគួរឲ្យកត់សម្គាល់ និងសូមថ្លែងការកោតសរសើរចំពោះស្នងការខេត្ត ដែលបានខិតខំប្រឹងប្រែងគៀងគរប្រមូលថវិកាពីសប្បុរសជននានា ដើម្បីជួយឧបត្ថម្ភគាំទ្រសាងសង់សំណង់អគារសម្រេចបានសមិទ្ធផលថ្មីៗ គួរឲ្យកត់សម្គាល់។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានលើកឡើងពីសភាពការណ៍សន្តិសុខសកលលោក ដែលនៅតែមានភាពមិនច្បាស់លាស់ ខុសពីកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការរីកចម្រើនអភិវឌ្ឍគ្រប់វិស័យ។

នាយឧត្តមសេនិយ៍ ក៏បានលើកឡើងពីភាពជោគជ័យរបស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដោយបានចាក់ស្រោចវ៉ាក់សាំងដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលអាចធ្វើឲ្យប្រទេសជាតិបើកដំណើរឡើងវិញ ជាពិសេសមានការចូលរួមបរិច្ចាកថវិកា ជាមួយរាជរដ្ឋាភិបាលពីសំណាក់មន្រ្តីរាជការ និងប្រជាពលរដ្ឋគ្រប់លំដាប់ដើម្បីទិញវ៉ាក់សាំង, ការធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយខ្លួនឯង និងការធ្វើជាប្រធានសន្និសីទអាស៊ានណាបូលលើកទី៤០។ ទន្ទឹមនឹងភាពជោគជ័យនេះ កងកម្លាំងនគរបាលគ្រប់ផ្នែក គ្រប់ជំនាញបានចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាតជាតិ បានគូសបញ្ជាក់ពាក់ព័ន្ធការងារសន្តិសុខ សណ្តាប់ធ្នាប់ គឺនៅតែការពារបានអំពីអធិបតេយ្យជាតិ បូរណភាពទឹកដី និងខឿនសន្តិសុខជាតិ ធានាបានសន្តិសុខផ្ទៃក្នុង ប្រក្រតីភាពនយោបាយ ការទូត ទប់ស្កាត់បន្សាបបាននូវរាល់និន្នាការនយោបាយប្រឆាំង និងមជ្ឈដ្ឋានគតិ ជាពិសេសធានាបាននូវព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ និងព្រឹត្តការណ៍ជាតិ-អន្តរជាតិ។ ដោយឡែកសភាពការណ៍បទល្មើសនៅទូទាំងប្រទេសមានការថយចុះ ប្រតិបត្តិការបង្រ្កាបបទល្មើសលើសពី៩០ភាគរយ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានឯកភាព និងវាយតម្លៃខ្ពស់អំពីសមិទ្ធផលនានា និងទិសដៅអនុវត្តបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ព្រមទាំងមានមតិណែនាំបន្ថែមមួយចំនួនដូចជា៖

*ទី១៖ ការធានាឲ្យបានដាច់ខាតនូវខឿនសន្តិសុខជាតិ និងស្ថិរភាពសង្គម
*ទី២៖ ពង្រឹងព្រៀបសមរភូមិសន្តិសុខ និងព្រៀបសមរភូមិបទល្មើស
*ទី៣៖ អនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ តែទន់ភ្លន់
*ទី៤៖ ពង្រឹងសមត្ថភាពជំនាញមន្រ្តីអនុវត្តច្បាប់
*ទី៥៖ កសាងកម្លាំងប្រជាការពារ និងរបៀបរបធ្វើការរបស់ប្រជាការពារ
*ទី៦៖ ពង្រឹងការងារបច្ចេកទេសវិទ្យាសាស្រ្ត និងការកសាងសំណុំរឿង
*ទី៧៖ ពង្រឹងការងារប៉ុស្តិ៍នគរបាលរដ្ឋបាល និងសហគមន៍
*ទី៨៖ ពង្រឹងការងារប្រចាំបញ្ជា និងអន្តរាគមន៍។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាតជាតិ ក៏បានជំរុញឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ក៏ដូចជា ចូលរួមជាមួយកងកម្លាំងមានសមត្ថកិច្ចអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។ ពាក់ព័ន្ធនឹងការងារនេះ នាយឧត្តមសេនីយ៍ បានណែនាំឲ្យថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទាំងអស់ ត្រូវធ្វើជាគំរូមុនគេក្នុងការគោរពច្បាប់ និងអនុវត្តច្បាប់៕