(ព្រះសីហនុ)៖ នគរបាលខេត្តព្រះសីហនុ សហការជាមួយនគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយឆក់កាបូបពលរដ្ឋតាមផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និង នៅសល់ម្នាក់ទៀតកំពុងតាមចាប់ខ្លួនបន្ត។

លោកបន្តថា ជនសង្ស័យមានគ្នា២នាក់ បានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះ កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៧៩-១៨០ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងនោះជនសង្ស័យមានឈ្មោះ៖

*ទី១៖ ឈ្មោះ រ៉ាន់ បូរិទ្ធ អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិក្តុល ឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង (រត់គេចខ្លួនបាត់)។
*ទី២៖ ឈ្មោះ រ៉េត ទី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិអូរស្ដៅ ឃុំត្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង (ឃាត់ខ្លួនក្រោយពេលធ្វើសកម្មភាព)។

ចំណែកឯជនរងគ្រោះមានឈ្មោះ រ័ត្ន មុំ ភេទស្រី អាយុ៣៨ឆ្មាំ មុខរបរកម្មការីនីរោងចក្រ មានទីលំនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនរងគ្រោះ ត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់ បណ្តាលឲ្យដួលម៉ូតូ រងរបួសធ្ងន់ សម្ភារបាត់បង់មានកាបូប១ ក្នុងនោះមានប្រាក់ ១០០០០០រៀល និងទូរស័ព្ទដៃម៉ាក LG ១គ្រឿង។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនទៅដល់ឃុំអូរជ្រៅ រួចក៏បានផ្តួលម៉ូតូរត់គេចខ្លួនបាត់បន្សល់ទុកនៅវត្ថុតាងរួមមាន៖

*ម៉ូតូ១គ្រឿង ម៉ាករ៉ាយឌឺ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FQ-0945, អាវ១, មួកសុវត្ថិភាព១, កាបូបលុយពណ៌ខ្មៅ១, លុយចំនួន១០០០០០រៀល និងទូរស័ព្ទម៉ាកLGចំនួន០១គ្រឿង (របស់ជនរងគ្រោះ)។

ក្រោយការស្រាវជ្រាវ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលខេត្ត កម្លាំងអធិការដ្ឋានគរបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សហការគ្នាធ្វើការឃាត់
ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះ រ៉េត ទី នៅក្នុងវត្តមួយក្នុងភូមិក្ដុល ឃុំត្ដុលសែនជ័យ ដោយដកហូតបានវត្ថុតាង និងសម្ភារពាក់ពន្ធ័មួយចំនួន និងកំពុងបន្តនីតិវិធីច្បាប់ រីឯឈ្មោះ រ៉ាន់ បូរិទ្ធ រត់គេចខ្លួន ខណៈសមត្ថកិច្ចកំពុង
ស្វែងរកបន្ត៕