(កំពត)៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់ប្រតិបត្តិករ និងបុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ រៀបចំដោយក្រសួងទេសចរណ៍ សហការអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពត។

សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក កាទើ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការតំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីមន្រ្តី ម្ចាស់ និងតំណាងអាជីវកម្មទេសចរណ៍ចំនួន១៥៤នាក់។

លោក ញ៉ាន់ ប៊ុនណារិទ្ធ តំណាងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពត បានស្វាគមន៍ និងរបាយការណ៍ពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ខេត្ត។

លោក ឡោ សុវិជ្ជា អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងទេសចរណ៍ បានផ្សព្វផ្សាយផែនការលេខ ០១ ផក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីយុទ្ធការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលលើកទី៨ និងការណែនាំអនុវត្ត។

ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណនិងកោតសសើរដល់វិស័យទេសចរណ៍ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយគោលបំណងជួបជុំគ្នានៅថ្ងៃនេះ គឺពង្រឹងបន្ថែមរួមមាន៖

*ទី១៖ ការយល់ដឹងពីអត្តសញ្ញាណគ្រឿងញៀន
*ទី២៖ ការយល់ដឹងពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន
*ទី៣៖ ពង្រីកនិងពង្រឹងបន្ថែមអំពីគុណភាពសមត្ថភាពយល់ដឹងក្នុងការងារបយុទ្ធប្រឆាំងគ្រឿងញៀន។

ថ្លែងក្នុងនាមលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តី, លោក កាទើ មហាំម៉ាត់ណោសស៊ី បានថ្លែងកោតសើរ ចំពោះកិច្ចសហការពីគ្រប់ផ្នែកទាំងអស់ចូលរួមចំណែកនូវការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រកបដោយការទទួលខុសត្រូវ តាមជំនាញរៀងខ្លួន ពិសេសក្នុងវិស័យទេសចរណ៍ និងមិនប៉ះពាល់ដល់គោលនយោបាយទាក់ទាញទេសចរណ៍របស់រាជរដ្ឋាភិបាល និងសូមសំណូមពរសូមបន្តការចូលរួមអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី៨ «ចូលរួមទាំងអស់គ្នាដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍» បន្តកសាងបាននូវសហគមន៍មួយមានការអភិវឌ្ឍប្រកបចីរភាព និងបរិយាប័ន្ន៕