(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ ​បានឲ្យដឹងថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តកណ្ដាល កំពុងអនុវត្ដយុទ្ធនាការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធទូទាំងខេត្ត ដោយគ្រោងនឹងបញ្ចប់ការប្រកាសតំបន់វិនិច្ឆ័យទាំងស្រុង នៅត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៣។ ការបញ្ជាក់របស់លោកអភិបាលខេត្ត ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកណ្ដាល»។

លោក គង់ សោភ័ណ្ឌ បានអះអាំងថា ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធទូទាំងខេត្ត ជូនប្រជាពលរដ្ឋ៖

* បានចុះបញ្ជីចប់ ចំនួន៤៩ឃុំ/សង្កាត់ លើ១២៧ឃុំ/សង្កាត់ ស្មើនឹង៤៣១ភូមិ ស្មើនឹង៤២.៧% គិតជាប័ណ្ណ បានចំនួន៣៣០,៦៨៨ប័ណ្ណ ក្នុងនោះ ក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង បានចុះបញ្ជីចប់ជាស្ថាពរ
* កំពុងអនុវត្តចុះបញ្ជីចំនួន៥០ឃុំ/សង្កាត់ ចំនួន៣៩០ភូមិ ស្មើនឹង៣៨.៦%
* មិនទាន់បានចុះបញ្ជី ចំនួន២៨ឃុំ/សង្កាត់ ចំនួន១៨៩ភូមិ ស្មើនឹង១៨.៧%។

ដោយឡែក ការចុះបញ្ជីដីរដ្ឋ បានចំនួន២៤១ទីតាំង ទំហំ១២,៤៤៦ហិកតា, កំពុងអនុវត្តនីតិវិធី ចំនួន៦៦ទីតាំង និងមិនទាន់អនុវត្តនីតិវិធី ចំនួន៦ទីតាំង។ ការចុះបញ្ជីមានលក្ខណៈដាច់ដោយដុំ បានចំនួន១៨៣,៥០៣ប័ណ្ណ។

ជាមួយគ្នានេះ លោក គង់ សោភ័ណ្ឌ ក៏បានបញ្ជាក់អំពីការងារដោះស្រាយក្រៅប្រព័ន្ធតុលាការផងដែរ ដោយរដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ដោះស្រាយសំណើ សំណូមពរ និងការស្នើសុំជួយអន្តរាគមន៍នានារបស់ប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

* ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ៖ ករណីដីធ្លីដែលទទួលបានការស្នើសុំរបស់ប្រជាពលរដ្ឋ ខេត្តបានយកចិត្តទុកដាក់ធ្វើការពិនិត្យសិក្សាស្រាវជ្រាវ និងដោះស្រាយដោយគិតពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ មានចំនួន៣៤៤ករណី ក្នុងនោះបានដោះស្រាយបញ្ចប់ ចំនួន២១៨ករណី និងបន្តសិក្សាស្រាវជ្រាវចំនួន១២៦ករណី

* ការឆ្លើយតបក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការចុះផ្សាយរបស់សារព័ត៌មាន និងការខមមិនចូលផេករបស់សម្ដេចក្រឡាហោម៖ គិតចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ មានចំនួនសរុប១៣០ករណី ក្នុងនោះ ករណីបានឆ្លើយតបរួច ចំនួន១១២ករណី និងករណីបន្តដោះស្រាយ ចំនួន១៨ករណី៕