(ភ្នំពេញ)៖ យោងតាមលទ្ធផលជំរឿន បានបង្ហាញថា ស្ថានភាពសត្វត្មាតកម្ពុជាក្នុងឆ្នាំ២០២២ កន្លងទៅកាន់តែមានសញ្ញាណវិជ្ជមាន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ប៉ុន្តែចាំបាច់ទាមទារការបង្កើនការ យកចិត្តទុកដាក់ពីគ្រប់ភាគីក្នុងការការពារ និងអភិរក្សសត្វកម្រនេះបន្ថែមទៀត។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា នៅឆ្នាំ២០២២ ជំរឿនបានបង្ហាញលទ្ធផលថា កម្ពុជាមានសត្វត្មាតទាំង៣ ប្រភេទសរុបចំនួន ១៣៤ក្បាល ក្នុងនោះរួមមាន៖ ត្មាតផេះ ៧១ក្បាល ត្មាតត្នោត ៤៤ក្បាល និងត្មាតភ្លើងចំនួន១៩ក្បាល។ ចំនួនសត្វត្មាត មានការកើនឡើងចំនួន ១៣ក្បាលបើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលមានចំនួន ១២១ក្បាល។ លទ្ធផលជំរឿនសត្វត្មាតថ្នាក់ជាតិឆ្នាំ២០២១ បានបង្ហាញថា សត្វត្មាត មានចំនួនសរុបចំនួន ១២១ក្បាល ក្នុងនោះមានត្មាតភ្លើង ២០ក្បាល ត្មាតផេះ ៦៦ក្បាល និងត្មាតត្នោត ៣៥ក្បាល។

សមាជិកស្នូលនៃក្រុមអភិរក្សសត្វត្មាតកម្ពុជា (CVWG) រួមមាន៖ ក្រសួងបរិស្ថាន (MoE) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ (ACCB) អង្គការជីវិតធម្មជាតិនៅកម្ពុជា (BirdLife in Cambodia) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ក្រុមហ៊ុនRising Phoenix និងសមាជិកសាមញ្ញរួមមាន៖ សមាគមមគ្គុទ្ទេសក៍បក្សីកម្ពុជា (CBGA) សំ វាសនា ខន់សឺវេសិនធួរ (SVC) និងមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ (CBC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងដៃគូពាក់ព័ន្ធបានធ្វើការងារលើការអភិរក្សសត្វត្មាតនៅកម្ពុជា។

លោក នេត្រ ភក្ត្រា បានថ្លែងថា នេះគឺជាដំណឹងដ៏ល្អ សម្រាប់ក្រុមអ្នកអភិរក្ស និងសម្រាប់ជីវៈចម្រុះនៅប្រទេសកម្ពុជា និងនៅលើពិភពលោក។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា៖ «ក្នុងនាមក្រសួងបរិស្ថាន សូមកោតសរសើរចំពោះក្រុមការងារស្រាវជ្រាវនៃក្រសួងបរិស្ថាន និងអង្គការដៃគូទាំងអស់នៃក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ក៏ដូចជាមន្ត្រីឧទ្យានុរក្សទាំងអស់ ដែលកំពុងបំពេញភារៈកិច្ចរបស់ខ្លួននៅតាមតំបន់ការពារធម្មជាតិនានា ដើម្បីការពារនិងអភិរក្សទីជម្រកធម្មជាតិនៃដែនជម្រកសត្វព្រៃដែលមានវត្តមានសត្វត្មាត ពោលគឺបាននឹងកំពុងធ្វើឱ្យតំបន់ធម្មជាតិនេះមានសុវត្ថិភាពកាន់តែខ្លាំងឡើងថែមទៀត សម្រាប់សត្វត្មាត និងសត្វព្រៃទាំងអស់ ដោយខិតខំប្រឹងប្រែងការពារព្រៃឈើជាទីជម្រក អាហារ និងប្រភពទឹកសម្រាប់សត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទ»។

លោក នេត្រ ភក្ត្រា បានអំពាវនាវស្នើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួម ការពារ និងអភិរក្សសត្វត្មាតដែលជាប្រភេទសត្វកម្រនេះបន្ថែមទៀត ដោយចូលរួមការពារទីជម្រក លុបបំបាត់ការបំពុលនានា បញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់ និងបញ្ឈប់សកម្មភាពរំខានដោយមនុស្សផ្សេងៗទៀត ដើម្បីផលប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី ភាពសម្បូរបែបនៃជីវៈចម្រុះ និងរក្សាបានកេរតំណែលធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយៗបន្តទៀត៕