(ភ្នំពេញ)៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានថ្លែងបញ្ជាក់ថា ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ជំនាញហូកា គឺសំដៅផ្តល់នូវជំនាញវិជ្ជាជីវៈពិតប្រាកដដល់យុវជននិងយុវនារីងាយរងគ្រោះ និងអ្នកជំនាញកម្រិតទាប នៅតាមខេត្តគោលដៅដាច់ស្រយាល ជាពិសេសការបើកឱកាសសម្រាប់ការសិក្សាពេញមួយជីវិតដល់យុវជនកម្ពុជា។
ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ជំនាញហូកា ក៏ជាការបង្កើតឱកាសការងារដល់យុជន ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ជាតួនាទីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះដែរទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស ក្រសួងទេសចរណ៍បានដាក់ចុះនូវយុទ្ធនាការ៖ «បុគ្គលិកម្នាក់ ជំនាញមួយ (One Employee One Skill)» ដែលមានចក្ខុវិស័យធ្វើយ៉ាងណាឲ្យអ្នកជំនាញទាំងអស់មានជំនាញ និងសមត្ថភាពទទួលស្គាល់ស្របតាមស្តង់ដាជាតិ និងអាស៊ាន។
លោក ប៉ាក់ សុខុម បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ នាឱកាសតំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាឱកាសពិធីអបអរសាទរ ទិវាជំនាញ ហូកា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ជំនាញវិជ្ជាជីវៈទេសចរណ៍ ជាអាយុជីវិតរបស់អ្នក» ដែលបានធ្វើឡើងសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ និងដោយមានាការចូលរួមពីលោក ឡៅ ហ៊ីម រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក Rajiv Pradhan នាយកប្រចាំប្រទេសនៃអង្គការ ស្វីសខន់ថាក់ រួមទាំងអ្នកពាក់ព័ន្ធមួួយចំនួនទៀតផងដែរ។
ប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា រូបនេះបានបន្ថែមទៀតថា ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ជំនាញហូកា នេះ គិតចាប់ពីការចាប់ផ្តើមធ្វើការបណ្តុះបណ្តាល ចាប់តាំងពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២២ បានធ្វើការបណ្តុះបណ្តាលដល់យុវជន និងយុវនារីងាយរងគ្រោះ ឱ្យជំនាញវិជ្ជាជីវៈពិតប្រាកដ បានចំនួនជាង ៣ 000នាក់ផងដែរ។
លោក ប៉ាក់ សុខុម បានបន្ថែមទៀតថា ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ នឹងចូលរួមដោយផ្ទាល់ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDG 4 ដែលចែងថា ធានាឲ្យបាននូវការអប់រំបណ្តុះបណ្តាលប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្ន ព្រមទាំងលើកកម្ពស់ការសិក្សាពេញមួយជីវិត (Lifelong Learning) ដល់ជនគ្រប់រូប និង SDG 8 ចែងថា ជំរុញកំណើនសេដ្ឋកិច្ច និងការងារសមរម្យដល់ជនគ្រប់រូប។
បន្ថែមពីនេះលោកក៏បានបញ្ជាក់ទៀតថា នៅក្នុងកម្រិតតំបន់ប្រទេសជាសមាជិកអាស៊ាន បានរួមគ្នាអនុវត្តស្មារតីនៃកិច្ចព្រមព្រៀង ទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ដោយបានអនុវត្តស្តង់ដាអប្បបរមាសម្រាប់ការបណ្តុះបណ្តាល និងវាយតម្លៃអ្នកជំនាញទេសចរណ៍ ដើម្បីទទួលស្គាល់គុណវុឌ្ឍិជាក់លាក់កម្រិតអាស៊ាន សំដៅសម្រួលដល់ការបម្លាស់ទីការងារក្នុងតំបន់។ ជាលទ្ធផលគួរឲ្យមោទនភាព កម្ពុជាត្រូវបានអាស៊ានទទួលស្គាល់ថាជាប្រទេសនាំមុខគេ ក្នុងការអភិវឌ្ឍជំនាញក្នុងក្របខណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA) លើមុខបរបរចំនួន ៦៤ ក្នុងសេវាកម្មសណ្ឋាគារ សេវាកម្មធ្វើដំណើរ និងក្នុងសេវាកម្មម៉ាស្សា-ស្ប៉ា ក្រោមដឹកនាំរបស់គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍។
ជាមួយគ្នានោះដើម្បីទទួលបានធាតុចូល និងទស្សនទានថ្មីលើការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ទិវាជំនាញ ហូកា ឆ្នាំ២០២៣ លោក ប៉ាក់ សុខុម ក៏បានសូមសំណូមពរឲ្យអង្គពិធី ទាំងមូលស្តាប់ពីការចែករំលែកចំណេះដឹង និងបទពិសោធន៍ របស់វាគ្មិនកិត្តិយសជាតិនិងអន្តរជាតិទាំងអស់ និងមានមតិយោបល់ចូលរួមឲ្យបានផុលផុសដើម្បីផ្តល់ជាធាតុចូលសម្រាប់ពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍កម្ពុជា និយាយជារួម និងនិយាយដោយឡែកសម្រាប់កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ដែលកំពុងរៀបចំកម្មវិធីនាឱកាសដ៏វិសេសវិសាលនេះផងដែរ៕