(ត្បូងឃ្មុំ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានចូលរួមពិធីស្បថសច្ចាប្រណិធាន ដើម្បីបំពេញនីតិវិធី ជានគរបាលយុត្តិធម៌ នៅចំពោះមុខសាលាដំបូងខេត្ត ដោយមានលោក តំណាង ក្រុមប្រឹក្សាសម្បថ និងតំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំជាអធិបតី។

សមាសភាពចូលរួមពិធីសម្បថនេះ រួមមាន៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក.ប.ប ខេត្ត អនុប្រធានសាខា និងមន្ត្រី ក.ប.ប. ខេត្ត សរុប ចំនួន១៥រូប ត្រូវបានផ្តល់នីតិសម្បទា ជាភ្នាក់ងារនគរបាលយុត្តិធម៌ ឱ្យអនុវត្តមុខងារ និងភារកិច្ច របស់ខ្លួនស្របតាមច្បាប់ ស្តីពីការប្រកួតប្រជែង ក្រមនីតិវិធីព្រហ្មទណ្ឌ និងបទប្បញ្ញត្តិជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។

មន្រ្តីដែលកំពុងបំពេញ ការងារនៅសាខា ក.ប.ប. នៃបណ្តាខេត្ត នឹងបំពេញនីតិវិធីសម្បថ នៅសាលាដំបូងខេត្ត រៀងៗខ្លួន។

សូមជម្រាបថា ចាប់តាំងពីប្រមុខ រាជរដ្ឋាភិបាល បានកែសម្រួលតួនាទីភារកិច្ច របស់អគ្គនាយកដ្ឋាន ក.ប.ប. ពីការឈរជើងនៅព្រំដែន ជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ តាមរយៈអនុក្រឹត្យលេខ២៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ស្តីពីការកែសម្រួលស្ថាប័ន មានសមត្ថកិច្ច ត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាព ប្រកួតប្រជែងនៅកម្ពុជា មន្រ្តីអគ្គនាយកដ្ឋាន និងសាខា ក.ប.ប តាមបណ្តាខេត្ត ត្រូវបានផ្តល់ នីតិសម្បទា ជាមន្ត្រីនគរបាលយុត្តិធម៌ ក្រោមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ជាភ្នាក់ងារ ជានគរបាលយុត្តិធម៌ ក្រោមច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងជានគរបាលយុត្តិធម៌ ក្រោមច្បាប់ ស្តីពីការប្រកួតប្រជែង ដែលផ្តល់សិទ្ធិឱ្យមន្រ្តីជំនាញ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ កំណត់បទល្មើស ពិន័យអន្តរការណ៍ លើអំពើល្មើសស្ថិតក្រោមច្បាប់ ឬកសាងសំណុំបញ្ជូនទៅតុលាការ មានសមត្ថកិច្ច ក្នុងគោលបំណងការពារសុខុមាលភាព ប្រជាពលរដ្ឋ និងផលប្រយោជន៍ របស់អ្នកប្រើប្រាស់ ជំរុញឱ្យការប្រកួតប្រជែង ក្នុងពាណិជ្ជកម្មប្រព្រឹត្តទៅ ប្រកបដោយសមធម៌ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និង យុទ្ធសាស្ត្រចតុកោណដំណាក់ទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា៕