(កំពង់ធំ)៖ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ក្នុងឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅក្នុងបរិវេណកីឡដ្ឋានខេត្តកំពង់ធំថ្មី ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ នៅថ្ងៃ៤រោច ខែពិសាខ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមព្រះរាជាធិបតីភាពព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារថ្នាក់ខេត្តចុះត្រួតពិនិត្យវឌ្ឍនភាពការងារនៅបរិវេណកីឡដ្ឋានថ្មី ដើម្បីត្រៀមរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ខាងមុខនោះ។
លោក ងួន រតន: លើកឡើងថា ព្រះរាជពិធីនេះ សំខាន់បំផុតបន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗជាច្រើនទៀតប្រចាំឆ្នាំ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេសទៅតាមការបរិភោគរបស់ «គោឧសភរាជ»។
លោកបន្តថា ព្រះរាជពិធីបុណ្យនេះក៏ជាការដាស់តឿនក្រើនរម្លឹកដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះឱ្យបានដឹងថា រដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ។
អភិបាលខេត្តកំពង់ធំបានជំរុញដល់អាជ្ញាធរដែនដី មន្ទីរអង្គភាពនានា សមត្ថកិច្ច ត្រូវសហការគ្នារៀបចំហេដ្ឋារចនាសម្ព័ន្ធ សណ្ដាប់ធ្នាប់ សន្តិសុខឱ្យមានភាពល្អប្រសើរនៅជុំវិញបរិវេណរៀបចំព្រះរាជពិធី ការរៀបចំសាងសង់ព្រះពន្លាជ័យ ការថែទាំស្មៅ និងស្រូវឱ្យមានការលូតលាស់ល្អ តាមរយៈការស្រោចទឹកឲ្យបានទៀងទាត់ ជាពិសេសពង្រឹងការរៀបចំផ្លូវចូលទៅកាន់ទីតាំងសម្រាប់ប្រារព្ធព្រះរាជពិធី៕