(កំពង់ចាម)៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត តេង សាវង្ស នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់ខេត្តកំពង់ចាម នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា ក្នុងរយៈពេល១០ឆ្នាំមកនេះ ក្រសួងមហាផ្ទៃ បានជំរុញចលនាអនុវត្តតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឲ្យមានសកម្មភាពយ៉ាងសស្រាក់សស្រាំ ដោយបានធ្វើឱ្បបរិយាកាសសន្តិសុខនៅតាមសហគមន៍ភូមិ-ឃុំ-សង្កាត់ កាន់តែមានភាពកក់ក្តៅ និយាយជារួម និយាយដោយឡែកខេត្តកំពង់ចាម ប្រជាពលរដ្ឋជាទូទៅរស់នៅប្រកបដោយភាពសុខដុមរមនា និងមានភាពជឿជាក់ ព្រមទាំងបានបង្កលក្ខណៈសម្បត្តិគាប់ប្រសើរ ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចលើគ្រប់វិស័យ។ តាមរយៈគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយទុក្ខលំបាកប្រកបដោយភាពវិជ្ជមាន និងក្តីកង្វល់ផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ដែលមានស្នងការដ្ឋាននគរបាលខេត្ត ជាសេនាធិការ បានអនុវត្តគោលនយោបាយទាំង៧ចំណុចនេះ ដោយជំរុញដល់គ្រប់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក-ក្រុង និងកងកម្លាំងនគរបាលសហការជាមួយកម្លាំងអនុវត្តច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បន្តពង្រឹង និងលើកកម្ពស់បន្ថែមទៀត នូវការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានារក្សាបាននូវសន្តិសុខសង្គម ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងនិរន្តរភាពរដ្ឋបាលទូទាំងខេត្តកំពង់ចាម ឲ្យបានល្អប្រសើរ។

លោកសន្តិបណ្ឌិត តេង សាវង្ស បានឲ្យដឹងដែរថា ក្នុងការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានតម្រូវឱ្យក្រសួងមហាផ្ទៃធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការដឹកនាំសម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ និងរដ្ឋបាលឃុំ សង្កាត់ក្នុងការចាត់តាំងអនុវត្តគោលនយោបាយនេះឱ្យបានសកម្មផុលផុសជាប់ជាប្រចាំ នៅទូទាំងប្រទេស។ គោលនយោបាយនេះ ក៏បានណែនាំឱ្យក្រសួងមហាផ្ទៃបង្កើតលេខាធិការដ្ឋានមួយ ដើម្បីជួយក្រសួងមហាផ្ទៃ ក្នុងការតាមដានត្រួតពិនិត្យ ដាស់តឿន បូកសរុបវាយតម្លៃ និងរៀបចំរបាយការណ៍អំពីលទ្ធផល នៃការអនុវត្តគោលនយោបាយជូនរាជរដ្ឋាភិបាល។

រហូតមកទល់ពេលនេះ លេខាធិការដ្ឋានសម្រាប់គាំទ្រការអនុវត្គគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព (គ.ភ.ឃ.ស.) ត្រូវបានបង្កើតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ និងត្រូវបានប្រកាសផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ ក៏មានការទទួលខុសត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួងស្ថាប័ន កងកម្លាំងមានសមត្ថកិច្ចនានា ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ពាក់ព័ន្ធនឹងលក្ខណៈ សម្បត្តិទី១ ទី២ ទី៣ និងទី៤ ផងដែរ ខណៈដែលក្រសួស្ថាប័នពាក់ព័ន្ធនានា ក៏ត្រូវមានការទទួលខុសត្រូវអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ព្រមទាំងទទួលខុសត្រូវដោយផ្ទាល់ក្នុងការដឹកនាំសម្របសម្រួល អនុវត្តលក្ខណសម្បត្តិនានា នៃគោលនយោបាយនេះផងដែរ៕