(ទីក្រុងប៉េកាំង) ៖ ប្រតិភូយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ លោក ហ៊ុន ម៉ានី បានកំពុងបំពេញទស្សនកិច្ច នៅប្រទេសចិន ក្នុងគោលបំណងទស្សនកិច្ចសិក្សា និងរឹតចំណងមិត្តភាព ដើម្បីអត្ថប្រយោជន៍យុវជននិងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន ។
នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងប៉េកាំង ប្រទេសចិន លោក ហ៊ុន ម៉ានី និង ប្រតិភូបានទទួលការស្វាគមន៍ពី លោក He Junke ប្រធានសម្ព័ន្ធយុវជនទូទាំង ប្រទេសចិន ដើម្បីពិភាក្សាការងារ ផ្លាស់ប្តូរបទពិសោធន៍ និង ទស្សនៈគ្នាក្នុងក្របខ័ណ្ឌការងារយុវជន ។
បន្ទាប់មកនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ លោក ហ៊ុន ម៉ានី និង ប្រតិភូបានទទួលការស្វាគមន៍ពី ឯកឧត្តម Song Tao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិចិន។ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះការបដិសណ្ឋាកិច្ចដ៏ស្និទ្ធស្នាលនៃមិត្តចិន ហើយបានវាយតម្លៃពីទំនាក់ទំនងរវាងរដ្ឋាភិបាលនិងប្រជាជន ចិន-កម្ពុជា ដែលកំពុងល្អប្រសើរ និងស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ។ លោក ហ៊ុន ម៉ានី បានបន្តថា ទំនាក់ទំនងរវាងយុវជន ចិន-កម្ពុជា ក៏កាន់តែជិតស្និទ ហើយកំពុងទទួលបានលទ្ធផលល្អប្រសើរផងដែរ ។
លោក He Junke ប្រធានសម្ព័ន្ធយុវជនទូទាំងប្រទេសចិន ក៏ដូចជា លោក Song Tao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិចិន ក៏បានវាយតម្លៃស្របគ្នា ដែរអំពីផ្លែផ្កានៃ ការចំណងសាមគ្គីភាពនេះ ហើយក៏បានលើកឡើងអំពីតួនាទីយុវជនចូលរួមក្នុងនយោបាយ "ផ្លូវ១ ខ្សែក្រវ៉ាត់១" ដែលជាគំនិតផ្តួចផ្តើម របស់ប្រធានាធិបតីចិន ស៊ី ជីនភីង ។ គោលនយោបាយ "ផ្លូវ១ ខ្សែក្រវ៉ាត់១" ដែលមានផលប្រយោជន៍សេដ្ឋកិច្ច ហើយអាចសម្រេចជាផ្លែផ្កា គឺទាល់តែមានផ្សារភ្ជាប់រវាង "បេះដូងនិងបេះដូង" របស់ប្រជាជននិងប្រជាជន រវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល កាន់តែស៊ីជម្រៅនិងទូលំទូលាយ ។
រាល់ជំនួប ថ្នាក់ដឹកនាំចិន បានសម្តែងការផ្តាំផ្ញើអរគុណចំពោះសមាណចិត្តនិងជំហរប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺ សម្តេចតេជោ ហ៊ុន សែន ចំពោះចិន ដែលនេះសបញ្ជាក់ពីមិត្តភក្តិល្អ មិត្តភក្តិពិតប្រាកដ និង គ្រប់កាលៈទេសៈ ។ លោក ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណមិត្តចិន ដែលបានជួយថែទាំ ព្រះរាជសុខភាព សម្តេចម៉ែ និង ព្រះមហាក្សត្រជាទីសក្ការៈ ។
សូមជម្រាបថា ទំនាក់ទំនងកម្ពុជា-ចិន គឺចាប់ផ្តើមពីសម្តេចព្រះបរមរតនកោដ នរោត្តម សីហនុ និងបន្តមកជំនាន់បច្ចុប្បន្នដែលមាន ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី និង សម្តេចតេជោ ហ៊ុន សែន កំពុងបន្តវេន ។
ដំណើរទស្សនកិច្ចរបស់ប្រតិភូយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ លោក ហ៊ុន ម៉ានី នៅប្រទេសចិន គឺចាប់ពីថ្ងៃទី៦-១៦ ខែកក្កដា ឆ្នាំ២០១៦ ។ ប្រតិភូយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលស្វាគមន៍ពីមន្ត្រីសំខាន់ៗក្នុងរដ្ឋាភិបាលចិន ក៏ទស្សនកិច្ចសិក្សានៅតំបន់មួយចំនួន និង ទីក្រុងសេដ្ឋកិច្ច នៃប្រទេស ចិន ផងដែរ ៕