(កំពង់ធំ)៖ នៅថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ជួបសំណេះសំណាលសាកសួរ សុខទុក្ខ និងបាននាំយកអំណោយស្បៀងអាហារ ថវិកាមួយចំនួន ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន​ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយជាតិខ្មែ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ។

លោកវរសេនីយ៍ឯក ហេង ជា មេបញ្ជាការរង និងជាប្រធានក្រុមការងារគ្រប់គ្រងដីសម្បទានសង្គមកិច្ចសំរាប់អតីតយុទ្ធជន និងសម្របសម្រួលស្ថានភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន នៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក បានឡើងរាយការណ៍អំពីស្ថានភាព និងជីវភាពរស់នៅរបស់ក្រុមគ្រួសារអតីតយុទ្ធជនចំនួន ១៤១គ្រួសារ ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ដីសម្បទានសង្គមកិច្ចចំនួន១ ហិកតាកន្លះ និងផ្ទះមួយខ្នងក្នុងមួយគ្រួសារ ព្រមទាំងបានស្ថាបនាផ្លូវលំក្នុងភូមិប្រវែង ១២គីឡូម៉ែត្រ ព្រមទាំងអណ្តូងទឹកស្អាតតាមគ្រួសារនីមួយៗផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងទ្វេរ តែងតែគិតគូរយកគិតទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ព្រោះបងប្អូនអតីតយុទ្ធជន គឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ព្រមទាំងបានរួមចំណែកជាមួយសម្តេចតេជោ ក្នុងការអនុវត្តនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន​ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ត្រូវថែទាំសុខភាព​ រស់នៅស្អាត​ មានអនាម័យ​ ដើម្បីចៀសផុតពីជម្ងឺផ្សេងៗ​ និងខិតខំប្រកបរបរសុចរិត​ទៀងត្រង់​ ព្រមទាំងខិតខំបង្កបង្កើនផលដាំដំណាំ​ ចិញ្ចឹមសត្វ​ លើដីសម្បទាន​ដែលសម្តេចតេជោ​ បានចែកជូន​ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ​ ហើយ​ត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋា ភិបាល។​

ក្នុងឱកាសសំណេះសំណាលសាកសួសុខទុក្ខ និងជូនពរឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកអំណោយរបស់បណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី មានស្បៀងអាហារ​ គ្រឿង ឧបភោគបរិភោគ និងថវិកា​មួយចំនួន ទៅឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន​ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច នៅក្នុងឱកាសនេះផងដែរ៕