(កំពង់ឆ្នាំង)៖ ប្រធានក្រុមហ៊ុន «រាជ្យសុផាន់ភួង ខូអិលធីឌី» ម្នាក់ និងបក្ខពួក៣នាក់ទៀត ត្រូវបាននគរបាលខេត្តកំពង់ឆ្នាំង ចាប់បញ្ជូនទៅកាន់តុលាការកាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីបានឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែមីនា នៅទីស្នាក់ការក្រុមហ៊ុន ក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដោយសារតែមានពាក្យបណ្តឹងពីពលករចំនួន២៣នាក់ ចោទក្រុមហ៊ុននេះថា បានឆរបោកប្រាក់ពួកគាត់ជាង១៤ម៉ឺនដុល្លារ។

ពលករជាជនរងគ្រោះ កាលពីរសៀលថ្ងៃទី២៩ ខែមីនា បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង លោក សាយ សន្យា ថា តំណាងក្រុមហ៊ុនទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីខាងលើនេះរួមមាន៖

*ទី១៖ ឈ្មោះ រាជ សុផាន់ភួង ភេទស្រី មានទីលំនៅក្នុងខេត្តព្រះវិហារ ជាប្រធានក្រុមហ៊ុន
*ទី២៖ ឈ្មោះ សែន ទីន ភេទប្រុស ជាប្ដី
*ទី៣៖ ឈ្មោះ អ៊ុល ចន្នី ភេទស្រី មានទីលំនៅខេត្តកណ្ដាល ជានាយករងក្រុមហ៊ុន និងជាគណនេយ្យទទួលប្រាក់ពីពលករ
*ទី៤៖ ឈ្មោះ នុត ណារិន ជាប្ដីរបស់ជនសង្ស័យ អ៊ុល ចន្នី។

ក្រោយឃាត់ខ្លួនជនឆរបោកទាំង៤នាក់ នគរបាលបានដករហូតបានរថយន្តម៉ាក Ford ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខកម្ពុជា kKK.1230 ដែលជារថយន្តរបស់ប្រធានក្រុមហ៊ុន។

ជាមួយគ្នានេះ ក្រុមពលករបានសំណូមពរដល់ស្ថាប័នតុលាការខេត្តកំពង់ឆ្នាំង មេត្តាជួយកាត់ក្តីទាមទារប្រាក់ជាង១៤ម៉ឺនដុល្លារ មកឱ្យពួកគាត់វិញផង ព្រោះក្រុមហ៊ុន មិនបានគោរពតាមកិច្ចសន្យាដែលក្រុមហ៊ុនបានសន្យាថា នឹងនាំពួកគាត់ជាពលករទៅធ្វើការនៅក្រៅប្រទេសនោះឡើយ។

បើតាមការគិតរបស់ពលករ, ករណីនេះ បើសមត្ថកិច្ចយករថយន្តម៉ាក Ford ១គ្រឿងជារបស់ប្រធានក្រុមហ៊ុន តម្លៃជាង៧ម៉ឺនដុល្លារ មកលក់យកប្រាក់សងពលករវិញក៏អាចបណ្ដោះជូនពួកគាត់បានខ្លះៗដែរ តែជាក់ស្ដែងយ៉ាងណានោះ អាស្រ័យទៅលើស្ថាប័នតុលាការ និងសមត្ថកិច្ចអនុវត្តតាមនីតិវិធី។

ជុំវិញករណីខាងលើនេះ លោក ពេជ រ៉ី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ទទួលផែននគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់ថា ជនសង្ស័យទាំង៤នាក់ បានឆរបោកប្រាក់ពីពលករចំនួន២៣នាក់ ចំនួន១៤,៧៥០០ដុល្លារ។

តាមការស្រាវជ្រាវ បានឲ្យដឹងថា ក្រុមហ៊ុនមួយនេះកន្លងមកមិនដែលបានបញ្ជូនពលករទៅធ្វើការនៅប្រទេសណាមួយឡើយ។ នៅរសៀលថ្ងៃទី២៩ ខែមីនា ជនសង្ស័យទាំង៤នាក់ ក៏ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរួចហើយដែរ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

ប៉ុន្តែនៅម៉ោង៥ល្ងាចថ្ងៃទី២៩ ខែមីនា តុលាការបានផ្ញើជនសង្ស័យទាំង៤នាក់ ជាមួយសមត្ថកិច្ចនគរបាលខេត្តមួយយប់ទៀតសិន ព្រោះតែតុលាការពិនិត្យសំណុំរឿងមិនទាន់ចប់ ដោយសារមានដើមបណ្ដឹងច្រើននាក់។ នៅនៅថ្ងៃទី៣០ ខែមីនានេះ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង៤នាក់ ទៅកាន់តុលាការខេត្តម្តងទៀត ដើម្បីបន្តនីតិវិធី៕

សូមបញ្ជាក់ថា ករណីខាងលើនេះប្រធានក្រុមហ៊ុន (រាជ្យ សុផាន់ភួង)ដែលមានទីស្នាក់ការនៅក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បានទទួលប្រាក់ពីពលករ២៣នាក់ដែលពួកគាត់មកពីតាមបណ្ដាខេត្តនានាសរុបចំនួន១៤ ,៧៥០០ដុល្លារ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២២ និងក្នុងខែ មករា ឆ្នាំ២០២៣នេះ ដោយបានសន្យាថា នឹងបញ្ជូនពួក គាត់ជាពលករទាំងអស់ខាងលើនេះទៅធ្វើការនៅប្រទេសអូស្ត្រាលី នៅក្នុងខែកុម្ភៈ និង ខែមីនា ឆ្នាំ២០២៣នេះផងដែរ។ ប៉ុន្តែដល់ថ្ងៃសន្យាហើយនៅតែមិនឃើញក្រុមហ៊ុនបញ្ជូនពួកខ្លួនទៅធ្វើការនៅប្រទេសអូស្ត្រាលី ទើបបងប្អូនពលករក៏បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចំណាត់ការតាមផ្លូវច្បាប់ ដើម្បីយកប្រាក់មកសងពួកគាត់វិញ៕