(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានសម្រេចធ្វើការស៊ើបអង្កេតឡើងវិញ ចំពោះករណីបណ្តឹងលើការ ប្រើប្រាស់ Email សម្ងាត់របស់បេក្ខភាពប្រធានាធិបតីអាមេរិក ប្រចាំគណបក្សប្រជាធិបតេយ្យ លោកស្រី ហ៊ីលឡារី គ្លីនតុន អំឡុងពេលដែល លោកស្រីធ្វើជារដ្ឋមន្ត្រីការបរទេសអណត្តិមុន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០១៦។
យ៉ាងណាក៏ដោយ កាលពីដើមសប្តាហ៍នេះលោកស្រី គ្លីនតុន បានទទួលព័ត៌មានរំភើបម្តងរួចមកហើយពីទីភ្នាក់ងារ FBI ថាខ្លួននឹងមិនទទួលការចោទប្រកាន់លើបទឧក្រិដ្ឋ ជុំវិញការប្រើប្រាស់អ៊ីម៉ែលផ្ទាល់ខ្លួននោះឡើយ។ FBI បានប្រកាស ថា បើទោះបីជាលោកស្រី គ្លីនតុន បានទទួល ឬផ្ញើសារមិនប្រក្រតីណាមួយក៏ដោយ ប៉ុន្តែវាជារឿងអចេតនា ដោយលោកស្រីនឹងមិនត្រូវបានរងការស៊ើបអង្កេតទៀតនោះទេ។
ប៉ុន្តែឥឡូវនេះ ក្រសួងការបរទេសបានសម្រេច ស្នើឲ្យមានការស៊ើបអង្កេតឡើងវិញទៅលើលោកស្រី គ្លីនតុន ហើយមិនមែនតែរូបអតីតរដ្ឋមន្ត្រីការបរទេសអាមេរិកនេះម្នាក់ប៉ុណ្ណោះទេ ដោយវាក៏រួមទាំងមន្ត្រីជំនិត និងជំនួយការរបស់លោកស្រីប៉ុន្មានរូបផ្សេងទៀត ក៏ត្រូវបានសម្រេចឲ្យទទួលការស៊ើបអង្កេតផងដែរ បើទោះបីជាពួកគេបានលាលែងចេញពីស្ថាប័ននេះហើយក៏ដោយ៕