(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា យុវជនសម័យនេះមានឱកាសច្រើន បើធៀបនឹងយុវជនសម័យមុន ដោយយុវជនសម័យមុនបាត់បង់ឱកាស ហើយត្រូវស្លាប់ របួស និងពិការថែមទៀតផង ដោយសារសង្គ្រាម។

ថ្លែងពេលអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបន្តថា នៅសម័យសង្គ្រាម ជំនាញដែលត្រូវបានបណ្តុះបណ្តាលនាពេលនោះ គឺការប្រយុទ្ធគ្នា។ សង្គ្រាមនេះ ធ្វើឲ្យយុវជនមិនចង់ចូលធ្វើទាហាន ដូចសម័យសន្តិភាពនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ទាក់ទងការបណ្តុះបណ្តាលនៅទីនេះ យើងសង្កេតឃើញថា ឱកាសយុវជនយើងគឺពិតជាមានច្រើនខ្លាំងណាស់ ម្ខាងគឺឱកាសនៃបរិយាកាសរួម សម្រាប់ប្រទេសដែលប្រៀបធៀបគ្នារវាងយុវជនសម័យសង្គ្រាម និងយុវជនសម័យសន្តិភាព។ យុវជនសម័យសង្គ្រាម ពួកគេបាត់បង់ឱកាស មិនត្រឹមតែបាត់បង់ឱកាសទេ ពួកគេបាត់បង់ជីវិត ហើយត្រូវរបួសពិការទៀតផង។ គេមិនអាចទទួលបានការបណ្តុះបណ្តាលក្រៅពីជំនាញវាយគ្នាទេ [...] ។ ក្រោយមកយើងអត់មានបណ្តុះបណ្តាលវិធីសាស្ត្រសម្រាប់កម្ទេចគ្នាទេ»

បើតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នៅសម័យសង្គ្រាម ការហ្វឹកហាត់ដើម្បីប្រយុទ្ធ និងកម្ទេចគ្នា ប៉ុន្តែការហ្វឹកហាត់នាពេលបច្ចុប្បន្ន ដើម្បីទទួលការអភិវឌ្ឍសមត្ថភាពបន្ថែម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សន្តិភាព បានផ្តល់ឱកាសឱ្យមនុស្សគ្រប់គ្នាជា ពិសេសគឺយុវជន។

ក្នុងចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ដែលមានមនុស្សស្លាប់ជាច្រើន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា រុស្ស៉ីមិនអាចកម្ទេចអ៊ុយក្រែន ហើយអ៊ុយក្រែនមិនអាចកម្ទេចរុស្ស៉ីបាននោះឡើយ ហើយសង្គ្រាមនេះនឹងឈានដល់ការបញ្ចប់ ដោយការចរចានៅពេលណាមួយ៕