(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបប្រាប់អំពីកិច្ចពិភាក្សាទ្វេភាគីជាមួយ លោកអាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តីម៉ាឡេស៉ី ដែលមកទស្សនកិច្ចនៅកម្ពុជា កាលពីពេលថ្មីៗនេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងជំនួបនោះ លោក អាន់វ៉ា បានបង្ហើបប្រាប់សម្តេចថា ក្រុមប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ចង់យកទឹកដីម៉ាឡេស៊ី ដើម្បីធ្វើសកម្មភាពរបស់ពួកគេ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះក្នុងឱកាសដែលសម្តេចអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានរិះគន់ដល់មេដឹកនាំក្រុមប្រឆាំង ដែលបានយកសម្តីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី កន្លងទៅដែលគាត់ធ្លាប់ជាអតីតមេដឹកនាំក្រុមប្រឆាំងមកបំភ្លៃ ខណៈដែលពេលនេះ រូបគាត់បានក្លាយទៅជាដៃគូរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ។

សម្តេចបញ្ជាក់ដូច្នេះថា៖ «កាលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី គាត់នៅជាបក្សប្រឆាំង អ្នកអាចទាក់ទងក្នុងក្របខណ្ឌប្រឆាំង ប៉ុន្តែឥឡូវនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាអតីតអ្នកជាប់ឃុំឃាំង ឥឡូវនេះក្លាយទៅជានាយករដ្ឋមន្ត្រី គាត់បានក្លាយទៅជាដៃគូរបស់អ្នកកាន់អំណាចដូចគ្នា»

សម្តេចបានបន្តទៀតថា៖ «ខ្ញុំក៏ដឹងពីគាត់ថា ពួកប្រឆាំង(កម្ពុជា) ចង់ធ្វើអីនៅលើទឹកដីម៉ាឡេស៊ី។ ខ្ញុំគ្រាន់តែប្រាប់ឱ្យអ្នកឯងយល់ឱ្យច្បាស់ មេដឹកនាំគេចេះធ្វើការជាមួយគ្នាណាស់ អ្នកមិនទាន់មានបទពិសោធន៍ធ្វើនាយករដ្ឋមន្ត្រីទេ ខ្ញុំមានបទពិសោធធ្វើជិតកន្លះទសវត្សរ៍ហើយ»

សម្តេចបានអះអាងថា នៅក្នុងជំនួបនោះ សម្តេចមិនបានលើករឿងហ្នឹងទេ ប៉ុន្តែនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់ថា មានអ្នកចង់មកកម្ពុជា។ ប៉ុន្តែគាត់បានប្រាប់ថា កុំឱ្យមក ព្រមទាំងបានហាមតំណាងរាស្រ្តរបស់គាត់ដែលចង់រៀបចំកម្មវិធីដោយមានវត្តមានក្រុមប្រឆាំងមកផងដែរ។

សម្តេចបានបញ្ជាក់បន្ថែមថា «បើសិនជាធ្វើរបៀបនេះ វានឹងធ្វើឱ្យរដ្ឋ និងរដ្ឋ មើលមុខគ្នាមិនត្រង់នោះទេ ព្រោះនេះជាគោលការណ៍នៅក្នុងក្របខណ្ឌមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង»

សម្តេចបានប្រាប់ទៅក្រុមប្រឆាំងថា កុំឱ្យមានការយល់ច្រឡំថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកប្រដៅនាយករដ្ឋមន្ត្រីកម្ពុជាឱ្យសោះ។

សូមបញ្ជាក់ថា លោក អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តីម៉ាឡេស៉ី បានអញ្ជើញមកទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ អំឡុងទស្សកិច្ចនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារចំនួន២ផងដែរ៕