(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគាំទ្រនិងទទូចដល់គ្រប់ភាគីអន្តរជាតិដែលពាក់ព័ន្ធនឹងសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ត្រូវតែដោះស្រាយវិបត្តិនេះដោយការចរចា ដាច់ខាតមិនអាចយកសង្គ្រាម ទៅដោះស្រាយសង្រ្គាមបាននោះឡើយ។ សម្តេចតេជោផ្ទាល់ក៏ជឿថា រុស្ស៉ីមិនអាចកម្ទេចអ៊ុយក្រែន ហើយអ៊ុយក្រែនក៏មិនអាចកម្ទេចរុស្ស៉ីបាននោះដែរ។

ការថ្លែងបែបនេះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺនៅក្នុងឱកាសប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រៅពីវិបត្តិជំងឺសកលដែលកំពុងគ្រប់គ្រងបានល្អរួចហើយនោះ ក៏មានវិបត្តិធនាគារថ្មីៗនេះទៀត ហើយធ្ងន់ជាងនេះទៀតនោះ គឺវិបត្តិសង្គ្រាមរវាងរុស្ស៉ី-អ៊ុយក្រែនដែលមិនទាន់បញ្ចប់ ដែលបានបង្កើតស្ថានការណ៍ដ៏អាក្រក់ដល់សេដ្ឋកិច្ចពិភពលោក ក្នុងនោះក៏បានធ្វើឱ្យប្រេងឡើងថ្លៃ។

សម្ដេចបានបន្តថា កង្វល់ទៅលើបញ្ហាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន គេអាចដឹងបានថាវានឹងត្រូវបញ្ចប់ គ្រាន់តែមិនដឹងបញ្ចប់នៅពេលណា។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «រុស្ស៉ីមិនអាចកម្ទេចអ៊ុយក្រែន ហើយអ៊ុយក្រែនក៏មិនអាចកម្ទេចរុស្ស៉ីបានដែរ ចុងក្រោយ ច្បាស់ណាស់ថានឹងមានការចរចារកដំណោះស្រាយដើម្បីបញ្ចប់សង្គ្រាម»

សម្ដេចតេជោមិនជឿទាល់តែសោះថា រុស្ស៉ីអាចកម្ទេចចោលអ៊ុយក្រែនទាំងមូល ឬក៏អ៊ុយក្រែនអាចកម្ទេចចោលរុស្ស៉ីវិញបាននោះឡើយ បើទោះបីជាសង្គ្រាមនេះរីករាលដាលដល់ក្រុមប្រទេសអង្គការណាតូ (អូតង់) ក៏មិនអាចដែរ ពីព្រោះរុស្ស៉ីមិនអាចចូលទៅកម្ទេចក្រុមប្រទេសណាតូ ហើយអង្គការណាតូក៏មិនអាចចូលទៅកម្ទេចរុស្ស៉ីទាំងមូលបានដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ដែលបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៉ី ហើយបានដាក់ចេញនូវសំណើដើម្បីសន្តិភាព។ សម្ដេចថា កម្ពុជាគាំទ្រនូវសំណើដើម្បីដោះស្រាយបញ្ហាបញ្ចប់សង្គ្រាមតាមរយៈការចរចា​ មិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាមបានទេ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា «សំណើរបស់ប្រធានាធិបតីចិន ស៉ី ជិនពីង គឺបានគ្របដណ្ដប់ទៅលើដំណោះស្រាយរកសន្តិភាព និងដើម្បីបញ្ចប់សង្គ្រាមដ៏ធំមួយនេះ»

ដូច្នេះលទ្ធភាពនៃការបញ្ចប់ជម្លោះរវាងរុស្ស៉ីនិងអ៊ុយក្រែន វានឹងកើតមាន ហើយបានចាប់ផ្ដើមដំណើរបណ្ដើរៗហើយដែរ តាមរយៈការសម្របសម្រួលដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយប្រធានាធិបតីប្រទេសតួកគី ពាក់ព័ន្ធនឹងដំណើរការដឹកគ្រាប់ធុញ្ញជាតិចេញពីប្រទេសអ៊ុយក្រែន ដើម្បីយកទៅផ្គត់ផ្គង់ទៅឱ្យប្រទេសដទៃទៀតដែលត្រូវការប្រើប្រាស់។ នោះគ្រាន់តែជាទិដ្ឋភាពនៃផ្នែកមួយនៃការដោះស្រាយបញ្ហាសង្គ្រាមនេះប៉ុណ្ណោះ បូករួមទាំងការសម្របសម្រួលដើម្បីជម្លៀសប្រជាជនចេញពីសង្គ្រាម និងជំនួយមនុស្សធម៌។ ក្រៅពីនេះ មានការចរចាដោះដូរឈ្លើយសឹក។ នេះបើតាមការបន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន បានរំពឹងថា សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែននឹងឈានដល់ការបញ្ចប់។ ការបញ្ចប់នោះ គឺដោយការចរចា មិនមែនយកសង្គ្រាមទៅបញ្ចប់នោះឡើយ៕