(ភ្នំពេញ)៖ គណៈរដ្ឋមន្រ្តី បានលើសេចក្តីព្រាង កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល២០១៧-២០១៩ អនុម័តទាំងស្រុងហើយ នៅក្នុងកិច្ចប្រជុំ នាថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០១៦នេះ។

កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០១៧-២០១៩ គឺធ្វើការបង្ហាញពីទិន្នន័យគម្រោងវិនិយោគ ដែលមានអាទិភាពខ្ពស់របស់ ក្រសួងស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា ដែលជាគោលនយោបាយមានចែងនៅក្នុង យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ និងជាផែនទី​ ចង្អុលផ្លូវសម្រាប់ ការអនុវត្តគោលនយោបាយ ដែលមានចែងក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ ) ២០១៤-២០១៨។ ផ.យ.អ.ជ ២០១៤-២០១៨ ដែលមានបានអនុម័តដោយស្ថាប័ន នីតិប្បញត្តិកាលពីថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០១៤ ត្រូវបានរៀបចំឡើងដោយមានមូលដ្ឋាន ពីធាតុចូលរបស់ ក្រសួងស្ថាប័នរបស់ រាជរដ្ឋាភិបាលលម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ក្នុងកិច្ចប្រជុំនោះថា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៤-២០១៨ គឺជា ឯកសារសំខាន់មួយសម្រាប់គ្រប់គ្រង ការវិយោគ និងការអភិវឌ្ឍលើវិស័យសាធារណៈនៅកម្ពុជា។

ចាប់ពីតាំងពីឆ្នាំ១៩៩៦ ក្រសួងផែនការជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ កម្មវិធីវិនិយោគ សាធារណៈ (ក.វ.ស.) ៣ឆ្នាំរំកិលជារៀងរាល់ ឆ្នាំដើម្បី ឆ្លើយតបទៅនឹងអាទិភាព របស់រាជរដ្ឋាភិបាល កម្ពុជាសម្រាប់តម្រូវការជំនួយវិនិយោគជាទុន និងជំនួយបច្ចេកទេសក្នុង ការអនុវត្ត ផ.យ.អ.ជ។ ក្នុងការរៀបចំ ក.វ.ស ៣ឆ្នាំរំកិល ចាប់ផ្តើមពីឆ្នាំ២០០៦-២០០៨ មកដល់ឆ្នាំ២០១៧-២០១៩នេះការវិភាជថវិកា បាននិងកំពុងឆ្លើយតបទៅនឹង ការវិភាគដែលមានចែងនៅក្នុង ផ.យ.អ.ជ ២០០៦-២០១០ ផ.យ.អ.ជ បច្ចុប្បន្នកម្ម ២០០៩-២០១៣ និងផ.យ.អ.ជ ២០១៤-២០១៨។

ក្រសួងផែនការបានបន្តធ្វើការកែសម្រួលបន្ថែមទៀតលើដំណើរការរៀបចំ ក.វ.ស. ៣ឆ្នាំរំកិល ២០១៧-២០១៩ ដោយបានរៀបចំការ ពិភាក្សា ដោយផ្ទាល់ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបណ្តាក្រសួងស្ថាប័ននីមួយៗ ដើម្បីធានាថាការផ្ញើទិន្នន័យគម្រោង របស់បណ្តាក្រសួង ស្ថាប័នទាំងអស់សម្រាប់រៀបចំ ក.វ.ស. ៣ឆ្នាំរំកិល ២០១៧-២០១៩ បានឆ្លើយតបទៅនឹងអាទិភាពរបស់ ផ.យ.អ.ជ ២០១៤-២០១៨។

ផ.យ.អ.ជ ២០១៤-២០១៨ បានចែងយ៉ាងច្បាស់លាស់ពីទំនាក់ទំនងនៃ ផ.យ.អ.ជ ក.វ.ស ៣ឆ្នាំរំកិល ក្របខ័ណ្ឌចំណាយរយៈពេល មធ្យមនិងថវិកា ប្រចាំឆ្នាំ។ បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ ក្រសួងផែនការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឧត្តមប្រឹក្សាសេដ្ឋកិច្ច ជាតិនិងគណៈកម្មាធិការ នីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងបន្តសម្របសម្រួលនិងប្រឹងប្រែងទាំងអស់គ្នាដើម្បីធានា បាននូវសុខដុម នីយកម្មការងារផែនការ ចំណាយវិនិយោគសាធារណៈរបស់រដ្ឋ និងគ្រប់គ្រងហិរញ្ញប្បទានសហប្រតិបត្តិការ៕