(សេអ៊ូល)៖ ក្រោយពីការពិភាក្សាគ្នាឆ្លងកាត់ភាពចម្រូងចម្រាស់ ជាពិសេសការជំទាស់យ៉ាងដាច់ខាតពីបណ្តាប្រទេស ជិតខាងរបស់ខ្លួននោះ ប្រទេសកូរ៉េខាងត្បូងបានសម្រេចចិត្តយល់ព្រមឲ្យសហរដ្ឋអាមេរិក ធ្វើការដាក់ពង្រាយប្រព័ន្ធ ការពារគ្រាប់មីស៊ីលកម្រិសខ្ពស់ ហៅកាត់ថា THAADនៅលើទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០១៦។

ការសម្រេចចិត្តរបស់កូរ៉េខាងត្បូងបែបនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់លើកឡើងថា ដោយសារតែគេបានមើលឃើញ សកម្មភាពរបស់កូរ៉េខាងជើង ដែលចេះតែគគ្លើនឡើងៗនៅក្នុងឆ្នំា ២០១៦នេះ ហេតុដូច្នេះទើបកូរ៉េខាងត្បូងត្រូវតែ សម្រេចធ្វើការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលកម្រិតខ្ពស់បំផុត ដោយមានការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ត្រូវបានចេញផ្សាយនៅថ្ងៃសុក្រដូច្នេះថា «ប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD នឹងត្រូវដាក់ពង្រាយនៅកូរ៉េខាងត្បូងនាចុងឆ្នាំ ២០១៧ ខាងមុខនេះ។ វាជាការការពារសុវត្ថិភាពដល់ដែនដី របស់ប្រទេសកូរ៉េខាងត្បូង និងប្រជាជនរបស់ខ្លួន។ ការបង្កើតកិច្ចព្រមព្រៀង នេះក្រោយពីប្រទេសទាំងពីរបានសម្លឹងមើលឃើញពី ការគំរាមរបស់មីស៊ីលផ្លោង ដែលបាននិងកំពុងអភិវឌ្ឍន៍ ឥតឈប់ឈរដោយប្រទេសកូរ៉េខាងជើង»៕