(ប៉េកាំង)៖ រដ្ឋាភិបាលចិន បានជំរុញឲ្យសហរដ្ឋអាមេរិកបញ្ឈប់ «ការបញ្ជូនសញ្ញាខុស» ទៅកាន់កងកម្លាំងចលនាទាមទារឯករាជ្យតៃវ៉ាន់ ខណៈលោកស្រី Tsai Ing-wen មេដឹកនាំថ្មីរបស់កោះមួយនេះ បានទាក់ទងជាមួយនឹងសមាជិកតំណាងរាស្រ្តសភាអាមេរិក ជាច្រើនរូប។ នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនៅយប់ថ្ងៃទី០៨ ខែកក្កដា។
«យើងទទូចឲ្យមានដំណោះស្រាយ ចំពោះទំនាក់ទំនងផ្នែកខាងក្រៅរបស់កោះតៃវ៉ាន់ នៅក្នុងគោលការណ៍នៃគោលនយោបាយតែមួយរបស់ចិន ហើយយើងប្រឆាំងនឹងបណ្តាប្រទេសណា ដែលមានទំនាក់ទំនងការទូតជាមួយចិន ដើម្បីជាស្ពានទៅបង្កើតសមាគម ឬក៏ទំនាក់ទំនងផ្លូវការណាមួយ ជាមួយកោះតៃវ៉ាន់»។ នេះបើតាមសម្តីលោក Hong Lei អ្នកនាំពាក្យ ក្រសួងការបរទសចិន។
លោក Hong Lei បានបន្ថែមថា រដ្ឋាភិបាលចិន ពិតជាមិនពេញចិត្ត ចំពោះទំនាក់ទំនងរវាងក្រុមមន្ត្រី ឬ សមាជិកសភាសហរដ្ឋអាមេរិក ជាមួយនឹងលោកស្រី Tsai Ing-wen នោះទេ។ ចិនមានតំណាងយ៉ាងធំរួចទៅហើយ ជាមួយនឹងភាគីអាមេរិក ដូច្នេះតៃវ៉ាន់មិនចាំបាញ់នោះទេ។
លោក Hong ជំរុញឲ្យសហរដ្ឋអាមេរិក គោរពការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះគោលនយោបាយតែមួយរបស់ចិន, គោលការណ៍សេចក្តីថ្លែងការណ៍រួមចំនួនបីចំណុច និងប្រឆាំងចំពោះការទាមទារឯករាជ្យរបស់កោះតៃវ៉ាន់។
លោកបន្ថែមទៀតថា សហរដ្ឋអាមេរិក គួរតែដោះស្រាយកិច្ចការជាមួយតៃវ៉ាន់ ដោយប្រុងប្រយ័ត្ន និងឈប់ឲ្យក្រុមមន្ត្រីមានទំនាក់ទំនងជាមួយតៃវ៉ាន់ ទោះក្នុងទម្រង់ណាក៏ដោយ ព្រមទាំងឈប់បញ្ជូនសញ្ញាខុស ទៅកាន់កងកម្លាំងទាមទារឯករាជ្យរបស់តៃវ៉ាន់ ជៀសវាងមានផលអាក្រក់នូវទំនាក់ទំនងរវាងចិន-សហរដ្ឋអាមេរិក។
គួរបញ្ជាក់ផងដែរថា លោកស្រី Tsai Ing-wen មេដឹកនាំកោះតៃវ៉ាន់ បានចាប់ផ្តើមដំណើរទស្សនៈកិច្ចក្រៅប្រទេស ដោយទៅកាន់ប៉ាណាម៉ា និងប៉ារ៉ាហ្គាយ នៅថ្ងៃទី២៤ ខែមិថុនា និងបានឈប់ដំណើរទស្សនកិច្ចនៅទីក្រុង Miami រដ្ឋ Florida និងទីក្រុង Los Angeles សហរដ្ឋអាមេរិក៕