(កំពង់ឆ្នាំង)៖ ស្រុកកំពង់លែង ស្ថិតមិនឆ្ងាយនោះឡើយពីទឹកដីទីរួមខេត្តកំពង់ឆ្នាំង។ ប៉ុន្តែការខណ្ឌចែកដោយដងទន្លេសាបដ៏វែងអន្លាយ ហាក់បានប្រែក្លាយដែនដីភ្នំនាង កង្រីជាទឹកដីដាច់ស្រយាលមួយ។ អ្នកទេសចរក៏មិនសូវទៅដល់ ហើយគម្រោងវិនិ យោគនានាក៏មិនមាននោះដែរ។
រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ការបង្កើតការងារជូនប្រជាពលរដ្ឋនៅតាមទីជនបទ គឺជាគោលនយោបាយដ៏សំខាន់មួយ។ ដើម្បីពង្រីកការងារទៅជិតលំនៅឋានរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលតែងលើកទឹកចិត្តការវិនិយោគទៅតាមបណ្តាខេត្ត និងតាមទីជនបទ។
ផ្អែកលើគោលនយោបាយនេះ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd វិនិយោគសាងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មថ្មីមួយ ស្ថិតនៅតំបន់ភ្នំទេពី ភូមិកែងតាសុខ ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ នេះជាគម្រោងវិនិយោគដ៏ធំជាលើកដំបូងហើយសម្រាប់ទឹកដីស្រុកកំពង់លែង ជាមួយទឹកប្រាក់រហូតដល់ទៅជាង ៣០០លានដុល្លារអាមេរិក។
លោក ប្រាក់ វុទ្ធី តំណាងក្រុមហ៊ុនខាងលើ បានឱ្យដឹងថា ផ្ទៃដីដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យវិនិយោគមានទំហំប្រមាន ១០០ហិកតា ហើយគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅតំបន់នេះ រួមមាន កំពង់ផែដឹកជញ្ជូនទំនិញ បង្កើតមណ្ឌលសន្និធិប្រេង បង្កើតរមណីយដ្ឋានទេសចរណ៍ និងតំបន់សេដ្ឋកិច្ចពិសេស (តំបន់ឧស្សាហកម្ម ទីផ្សារដោះដូរទំនិញ ឃ្លាំងសម្រាប់ជួលស្តុកទំនិញ និងចែកចាយទំនិញលក្ខណៈជាតិ និងអន្តរជាតិ)។
ការសាងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មនៅស្រុកកំពង់លែង គឺជានយោបាយតបណ្តាញខ្សែដឹកជញ្ជូនតាមផ្លូវទឹកដ៏មានសារៈសំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ ការរៀបចំបណ្តាញដឹកជញ្ជូនកាន់តែសម្បូរបែប ជាពិសេសតាមផ្លូវទឹក គឹជាចំណែកធំមួយបញ្ចៀសការខូចផ្លូវថ្នល់ និងកាត់បន្ថយតម្លៃប្រតិបត្តិការផ្នែកដឹកជញ្ជូនផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្វាគមន៍លើគម្រោងវិនិយោគដ៏ធំនេះ ហើយលោកមើលឃើញថា កំពង់ផែនេះ ជាបណ្តាញតភ្ជាប់ដ៏សំខាន់បម្រើការដឹកជញ្ជូនតាមផ្លូវទឹក។ ជាពិសេសទឹកជញ្ជូនទំនិញ កសិផលផ្សេងៗពីបណ្តាខេត្តភាគពាយព្យឆ្ពោះទៅទីផ្សារអន្តរជាតិ។
គម្រោងវិនិយោគជាមួយដ៏ច្រើនសន្ធឹកសន្ធាប់ជាលើកដំបូងនៅក្នុងស្រុកកំពង់លែង ត្រូវបានរំពឹងថា នឹងផ្តល់ការងារប្រមាណ ១,៥០០កន្លែង បន្ទាប់ពីគម្រោងដាក់ឱ្យដំណើរការ។ មន្ត្រីអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង បានសម្តែងក្តីរីករាយ និងស្វាគមន៍ចំពោះគម្រោងវិនិយោគមួយនេះ។ ពួកគាត់រំពឹងថា គម្រោងវិនិយោគនឹងរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈសម្រួលការដឹកជញ្ជូនកសិផល និងការផ្តល់ការងារជូនប្រជាពលរដ្ឋធ្វើនៅក្បែរផ្ទះមិនធ្វើចំណាកស្រុកទៅឆ្ងាយ។
លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានលើកឡើងថា គម្រោងសាងសង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មនេះ គឺជាការវិនិយោគដ៏ធំមួយលើកដំបូងហើយសម្រាប់ស្រុកកំពង់លែង។ លោកអភិបាលស្រុក បង្ហាញក្តីរំពឹងគម្រោងវិនិយោគនេះ នឹងរួមចំណែកធ្វើឱ្យស្រុកកំពង់លែងមានសេដ្ឋកិច្ចដ៏ល្អ មិនស្ងប់ស្ងាត់ដូចមុននោះឡើយ។
លោកស្រី គុយ ចន្នី មេឃុំកំពង់ហាវ បានលើកឡើងថា ការវិនិយោគសាងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មនេះ បានផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងឃុំរបស់លោកស្រី មានប្រាក់ចំណូលទ្រទ្រង់ជីវភាពមិនពិបាកចំណាកស្រុកទៅធ្វើការឆ្ងាយផ្ទះនោះឡើយ។ លោកស្រី បានបង្ហាញការរីករាយជាខ្លាំងចំពោះការវិនិយោគមួយនេះ។
លោក សាន សេន អាយុ ៥៥ឆ្នាំ ជាពលរដ្ឋឃុំកំពង់ហាវ ធ្លាប់បានធ្វើចំណាកស្រុកធ្វើការផ្នែកសំណង់ក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្នលោក បានប្តូរមកធ្វើការនៅក្នុងគម្រោងវិនិយោគនេះវិញហើយ។ លោក សាន សេន អាចរកបានប្រាក់កម្រៃមួយខែប្រមាណ ៥០០ដុល្លារ ពីការដ្ឋានសាងសង់ខាងលើនេះ។
ពលរដ្ឋឃុំកំពង់ហាវរូបនេះ រីករាយជាមួយនឹងការងារជិតផ្ទះ បានជុំគ្រួសារ ហើយសល់លុយជាងធ្វើការឆ្ងាយផ្ទះ។
បន្ទាប់ពីទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលហើយនោះ ក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd បានសម្រុកការសាងសង់យ៉ាងមមាញឹកទាំងថ្ងៃ និងយប់។ ត្រឹមរយៈពេលតែពីរខែប៉ុណ្ណោះ ក្រុមហ៊ុនបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន សម្រាប់បម្រើដល់ការដឹកជញ្ជូន។ ក្រុមហ៊ុនគ្រោងនឹងដាក់ឱ្យដំណើរការលើការដឹកជញ្ជូននៅខែក្រោយនេះហើយ។
គម្រោងវិនិយោគខាងលើនេះ ទទួលបានការគាំទ្រខ្លាំងពីអាជ្ញាធរថ្នាក់ជាតិ និងក្រោមជាតិ។ គេបានសង្កេតឃើញថា ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពុងឆ្នាំង ចុះទៅពិនិត្យដំណើរការសាងសង់របស់ក្រុមហ៊ុនជាញឹកញាប់។
ក្នុងដំណើរចុះទៅត្រួតពិនិត្យការសាងសង់នោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានវាយតម្លៃខ្ពស់ចំពោះការសាងសង់របស់ក្រុមហ៊ុន។ សាងសង់បានលឿនរហ័ស ហើយត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេសនានា៕