(ភ្នំពេញ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីនេះនឹងរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សិក្ខាកាម និងនិស្សិតដែលទទួលវិញ្ញាបនបត្រ និងសញ្ញាបត្រនេះ មានចំនួនសរុបចំនួន ៦,០៥១នាក់ ស្រី ៣,៨៩៥នាក់។
បើតាមលោក អ៉ិត សំហេង បានគូសបញ្ជាក់ថា សម្តេចតេជោ បានអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថាននេះចំនួនពីរលើករួចមកហើយ។ លើកទី១ បានធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០០២ និងលើកទី២ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០៦។
លោករដ្ឋមន្ត្រី បានឱ្យដឹងថា វិទ្យាស្ថានជាតិពាណិជ្ជសាស្ដ្រ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ មានឈ្មោះថា «សាលាបច្ចេកទេសពាណិជ្ជកម្មមជ្ឈិម» ស្ថិតក្រោមឱវាទក្រសួងពាណិជ្ជកម្ម។ នៅឆ្នាំ១៩៨៥ ត្រូវបានប្ដូរឈ្មោះមកជាសាលាមធ្យមសិក្សាឯកទេសពាណិជ្ជកម្ម។ នៅឆ្នាំ១៩៩៤ ត្រូវបានផ្ទេរមកនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយនៅឆ្នាំ២០០១ បានប្តូរឈ្មោះមកជា វិទ្យាស្ថានជាតិពាណិជ្ជសាស្ដ្រ។
ចាប់ពីឆ្នាំ២០០៤ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ត្រូវបានផ្ទេរមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វិទ្យាស្ថាននេះ មានភារកិច្ចបណ្តុះបណ្តាលសិក្ខាកាម សិស្ស និស្សិត លើផ្នែកធុរកិច្ច និងសេវាកម្ម ចាប់ពីរយៈពេលខ្លី រហូតដល់រយៈពេលវែង ទាំងនិស្សិតអាហារូបករណ៍របស់រដ្ឋ និងនិស្សិតបង់ថ្លៃសិក្សា។
វិទ្យាស្ថានមានគណៈគ្រប់គ្រងសាស្រ្តាចារ្យ និងបុគ្គលិកខ្មែរ-បរទេសជាប់កិច្ចសន្យា សរុបចំនួន ១៤៥នាក់ ស្រី ៣៧នាក់ ដែលក្នុងនោះមានកម្រិតថ្នាក់បណ្ឌិតចំនួន០៣នាក់ ស្រី ១នាក់ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៩០នាក់ ស្រី ១៧នាក់ កម្រិតថ្នាក់បរិញ្ញាបត្រ/វិស្វករ ចំនួន ២២នាក់ ស្រី ៦នាក់ និងកម្រិតក្រោមបរិញ្ញាបត្រ ចំនួន ៣០នាក់ ស្រី១៣នាក់។
ចាប់តាំងពីឆ្នាំ១៩៨៥ ដល់បច្ចុប្បន្ន វិទ្យាស្ថានបានបណ្តុះបណ្តាលសិក្ខាកាម សិស្ស និស្សិត បានសរុបចំនួន ២៣,៨៨៣នាក់ នារី ១០,១៦៣នាក់។ ក្នុងនោះមាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោមានចំនួន ៨៣០នាក់។ សិស្ស និស្សិតកំពុងសិក្សាមានសរុបចំនួន ៥,០៦១នាក់ នារី ៣,៤៦៨នាក់។
បើតាមលោករដ្ឋមន្ត្រី សិក្ខាកាម សិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សាទទួលបានការងារធ្វើ ៩៩,៣៦ភាគរយ។
លោក អ៉ិត សំហេង បានឱ្យដែរថា វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ជាគ្រឹះស្ថានអប់រំមួយ ដែលទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំបណ្ដុះបណ្ដាល និងគុណភាពគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈតាមរយៈវិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC), វិញ្ញាបនបត្រធានាគុណភាពគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលច្ចេកទេស និងវិជ្ជាជីវៈ ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិញ្ញាបនបត្រ ISO 9001:2015។
លោក អ៉ិត សំហេង បានគូសរំលេចដែរថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាវិស័យអាទិភាពមួយនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការវិនិយោគអភិវឌ្ឍធនធានមនុស្ស។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងជំរុញវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ទទួលបានលទ្ធផលគួរកត់សម្គាល់។
ការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ បានធ្វើឱ្យប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មានការរីកចម្រើនទាំងបរិមាណ និងគុណភាព។ បច្ចុប្បន្នមានគ្រឹះស្ថានសិក្សាសរុបចំនួន ៣២៥ ក្នុងនោះគ្រឹះស្ថានរដ្ឋក្រោមឱវាទមានចំនួន៣៧ ដែលមានអគារចំនួន ១៩៧, បន្ទប់សិក្សាចំនួន ៧០៤, រោងជាង/បន្ទប់ពិសោធន៍ចំនួន ២៣៥, និងអន្តេរវាសិកដ្ឋានចំនួន ៣៧ ក្នុងនោះគ្រឹះស្ថានសិក្សាចំនួន៣១ បានទទួលវិញ្ញាបនបត្រប្រព័ន្ធគ្រប់គ្រងគុណភាពស្តង់ដាអន្តរជាតិ ISO 9001:2015។ ចាប់ពីឆ្នាំ២០១៨-២០២២ បានបណ្តុះបណ្តាលជំនាញប្រមាណ ៣០ម៉ឺននាក់ ក្នុងនោះកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១, ២, ៣(C1,C2,C3) ប្រមាណ ៥ម៉ឺននាក់, សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស/ឯកទេសប្រមាណ ៣ម៉ឺននាក់ និងចាប់ពីបរិញ្ញាបត្របច្ចេកទេស/ឯកទេស/វិស្វករ ប្រមាណ ៣ម៉ឺននាក់ និងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លីប្រមាណ ១៧ម៉ឺននាក់។
ក្រសួងបានបន្តជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងបានប្រមាណ ១៣ម៉ឺននាក់ និងធ្វើតេស្តទទួលស្គាល់ការសិក្សាពីមុនចំនួន ១,៣៥០នាក់៕