(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានស្នើដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពនានាជុំវិញខេត្ត ត្រូវខិតខំរៀបចំតុបតែងលម្អសោភណ្ឌភាព នៅតាមបណ្តាអង្គភាពរបស់ខ្លួនឱ្យបានលឿន យ៉ាងយូរឱ្យបានមុនថ្ងៃទី០១ ខែមេសា ដើម្បីត្រៀមលក្ខណៈចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខ។

លោក ខូយ រីដា បានស្នើបែបនេះ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ប្រចាំខែមីនា ដើម្បីត្រួតពិនិត្យ និងពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈទូទាំងខេត្ត និងការត្រៀមលក្ខណៈរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយបានការចូលរួមពីលោក លោកស្រីអភិបាលរងនៃគណៈអភិបាលខេត្ត តំណាងសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក អធិការក្រុងស្រុក មេប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំសង្កាត់ទាំង៤៩ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

បន្ទាប់ពីអភិបាលក្រុងស្រុក ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពមួយចំនួន បានធ្វើសេចក្តីរាយការណ៍ អំពីបញ្ហាប្រឈម និងលទ្ធផលសម្រេចបាននោះរួចមក ឯកឧត្តម ខូយ រីដា បានដាក់ទិសដៅយកទៅអនុវត្តន៍បន្ត រួមមាន៖
ទី១-ពង្រឹងបន្ថែមកិច្ចការងារសន្តិសុខ ដោយត្រៀមកម្លាំងអន្តរាគមន៍ឆ្លាស់វេនគ្នា និងត្រូវល្បាតចល័តរៀងរាល់យប់ រួមទាំងរថយន្តអគ្គីភ័យក៏ត្រូវត្រៀមទឹកគ្រប់គ្រាន់ ២៤ម៉ោងលើ២៤ម៉ោង។
ទី២-សូមស្នើដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពនានាជុំវិញខេត្ត ត្រូវត្រៀមរៀបចំសោភ័ណភាព​ តុបតែងលម្អភ្លើងព័ណ៌ នៅតាមបណ្តាអង្គភាពរបស់ខ្លួន ឱ្យបានលឿន កុំចាំជិតដល់ថ្ងៃបានរៀបចំ យ៉ាងយូរឱ្យបានមុខថ្ងៃទី០១ ខែមេសា ត្រូវបើកភ្លើងឱ្យភ្លឺទាំងអស់ និងត្រូវត្រៀមកាំជ្រួច សម្រាប់ចូលរួមបាញ់អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយខ្មែរផងដែរ។
ទី៣-ត្រូវរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យបានស្អាតល្អ បូករួមទាំងការសម្អាតអនាម័យបរិស្ថាន និងការលក់ដូរអណាធិបតេយ្យ។
ទី៤-ត្រូវខិតខំដោះស្រាយវិវាទដីធ្លីដែលនៅសេសសល់នៅមូលដ្ឋាន ឱ្យអស់លទ្ធភាព។
ទី៥-អភិបាលស្រុកពាក់ព័ន្ធត្រូវមានភាពឈ្លាសវៃ ក្នុងពង្រឹងការងារទប់ស្កាត់ ការកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋ និងត្រូវខិតខំការពារដីព្រៃដែលនៅសេសសល់។
ទី៦-ជម្រុញការរៀបចំប្លង់គោល និងចុះបញ្ជីដីរដ្ឋ តាមបណ្តាក្រុង ស្រុក ឃុំ​ សង្កាត់ ឱ្យបានឆាប់រហ័ស។
ទី៧-ពង្រឹងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ ត្រូវឱ្យបានលឿន ឆាប់រហ័ស តម្លាភាព និងមានឥរិយាបថទន់ភ្លន់
ទី៨-ចំពោះដីអតីតយុទ្ធជន ស្នើដល់លោកអភិបាលស្រុក សូមធ្វើបច្ចុប្បន្នភាពឱ្យបានលឿន ជាយោបល់ខ្ញុំ ត្រូវធ្វើរបាយការណ៍កាត់ផ្លូវ ជ្រោះ ជ្រលងដងអូរ និងភ្នំអស់ប៉ុន្មាន ឱ្យមានទិន្នន័យជាក់លាក់នៅនឹងដៃ។
ទី៩-ត្រូវគ្រប់គ្រងជនអណាថា ដែលមាននៅក្នុងមូលដ្ឋាន ពីព្រោះជនទាំងនោះអាចមុខសញ្ញាមិនល្អ បង្កអសន្តិសុខនៅក្នុងមូលដ្ឋាន ហើយអាជ្ញាធរមូលដ្ឋានក៏ត្រូវធ្វើផែនការជាមួយសមត្ថកិច្ច ចាត់ការការជនទាំងនោះផងដែរ៕