(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចអូទ្រីស ដែលដឹកនាំដោយ លោក វីលហេម ម៉ាកស៊ីមីលៀន ដុនកូ (Wilhelm Maximilian Donko) ឯកអគ្គរដ្ឋទូតអូទ្រីសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។

ជំនួបធុរកិច្ចនេះ ផ្តោតជាសំខាន់ទៅលើការជំរុញធុរកិច្ច និងវិនិយោគរវាងប្រទេសអូទ្រីស និងកម្ពុជា និងបានពិភាក្សាទៅលើវិស័យសំខាន់រួមមាន៖ ថាមពល ផ្លូវដែក ហេដ្ឋារចនាសម្ព័ន្ធ ធនាគារ វារីអគ្គិសនី និង សុខាភិបាល។ ជំនួបធុរកិច្ចនេះប្រព្រឹត្តទៅ ក្នុងអំឡុងពេលនៃការបំពេញបេសកកម្មពាណិជ្ជកម្ម នៅកម្ពុជារបស់ក្រុមហ៊ុនធំៗចំនួន ៩ របស់អូទ្រីស។

អ្នកឧកញ៉ា គិត ម៉េង បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចធុរកិច្ច របស់គណៈប្រតិភូអូទ្រីស បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ទំហំពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ នៅមានទំហំតូចនៅឡើយបើប្រៀបធៀបនឹងទំហំសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ហេតុនេះ អ្នកឧកញ៉ាប្រធាន ស្នើភាគីអូទ្រីសសហការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ច និងវិនិយោគឲ្យកាន់ច្រើនឡើងបន្ថែមទៀត។ រយៈប៉ុន្មានឆ្នាំកន្លងទៅនេះ សភាពាណិជ្ជកម្មកម្ពុជា តែងជួយគាំទ្រ និងរៀបចំជំនួបពាណិជ្ជកម្មជាមួយភាគីអូទ្រីស ក្នុងអំឡុងពេលបេសកកម្មពាណិជ្ជកម្មអូទ្រីសនៅកម្ពុជា។

ក្នុងឱកាសនោះផងដែរ អ្នកឧកញ៉ា បានចែករំលែកពីសក្តានុពលពាណិជ្ជកម្ម និងការរីកចម្រើនសេដ្ឋកិច្ច និងបានអញ្ជើញគណៈប្រតិភូធុរកិច្ចអូទ្រីស មកបំពេញទស្សនកិច្ចជាបន្តបន្ទាប់ទៀតនៅកម្ពុជា។

លោក វីលហេម ម៉ាកស៊ីមីលៀន ដុនកូ បានថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលស្វាគមន៍គណៈប្រតិភូអូទ្រីស យ៉ាងកក់ក្តៅ និងបានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។

លោកបានជម្រាប ជូនអំពីវិស័យសក្តានុពលសំខាន់ៗរបស់អូទ្រីស ដែលភាគីទាំងពីរអាចពិនិត្យលទ្ធភាពសហប្រតិបត្តិការបាន។ ក្រៅពីនេះ ក្រុមហ៊នធំៗរបស់អូទ្រីស ដែលបានចូលរួមក្នុងជំនួបធុរកិច្ចនេះ បានធ្វើបទបង្ហាញអំពីក្រុមហ៊ុន ក៏ដូចជា
ផលិតផលនិងសេវាកម្ម ដែលក្រុមហ៊ុនចាប់អារម្មណ៍ ចង់សហការជាមួយភាគីកម្ពុជា រួមមាន ថាមពល ផ្លូវដែក ហេដ្ឋារចនាសម្ព័ន្ធ ធនាគារ វារីអគ្គិសនី និង សុខាភិបាល។ ជំនួបធុរកិច្ច បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ក្នុងបរិយាកាសស្និទ្ធស្នាលជាភាតរៈ៕