(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ក្រោយចូលកាន់តំណែងបាន៣ឆ្នាំ លោកបានធ្វើកំណែទម្រង់ជួយឲ្យចំណូលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កើនឡើង៤ដង ធៀបនឹងមុនការចូលកាន់តំណែង ដោយបានធ្វើឲ្យមន្ត្រីមានប្រាក់ឧបត្ថម្ភ បំពេញការងារបានល្អ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត អញ្ជើញចូលរួម ក្នុងពិធីបិទទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នាល្ងាចថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។

លោក ជា វ៉ាន់ដេត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេល៣ឆ្នាំ ដែលខ្ញុំបានចូលមកកាន់តួនាទី ជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ យើងបានធ្វើការងារកែទម្រង់ច្រើន ហើយជាលទ្ធផល គឺចំណូលរបស់រដ្ឋ បានកើនឡើង៤ដង នៃរយៈពេល៣ឆ្នាំនេះធៀបនឹង៣ឆ្នាំមុន ដែលខ្ញុំបានចូលមកកាន់ក្រសួង»

លោក ជា វ៉ាន់ដេត បានលើកឡើងថា នេះគឺជាសមទ្ធិផលមួយដ៏ធំ ដែលធ្វើឲ្យមន្ត្រីរាជការក្នុងក្រសួងមានទឹកចិត្ត និងសប្បាយរីករាយ ហើយថ្មីៗនេះលោកបានធ្វើការស្ទង់មតិមន្ត្រី ដែលនៅក្នុងអគ្គនាយកដ្ឋានខ្លះ គឺមន្ដ្រីគាំទ្រ១០០ភាគរយ នៃការកែទម្រង់របស់ក្រសួង។

បន្ថែមពីនោះទៀត រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបញ្ជាក់ថា លទ្ធផលគឺមន្ត្រីទាំងអស់ បានទទួលប្រាក់ឧបត្ថម្ភ ក្រៅពីប្រាក់បៀវត្សរបស់ខ្លួនបានសមរម្យ ដែលអាចធ្វើឲ្យគាត់មានជីវភាពរស់នៅធូរធា ហើយធ្វើឲ្យគាត់ងាកពីវិស័យឯកជន មកធ្វើការរដ្ឋពេញលេញវិញ ហើយក៏មានមន្ត្រីមួយចំនួន ដែលធ្វើការនៅវិស័យឯកជន បានចូលមកធ្វើការនៅក្រសួង ដើម្បីជួយអភិវឌ្ឍក្រសួង។

រដ្ឋមន្ត្រីបានឲ្យដឹងផងដែរថា នៅក្នុងការកំណែទម្រង់នេះ គឺក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានយកចិត្តទុកដាក់ទៅលើវិស័យ៣ គឺ៖ វិស័យប្រៃសណីយ៍, វិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍ព័ត៌មាន។

លោកបន្តថា ចំពោះវិស័យប្រៃសណីយ៍ ដែលកំពុងតែធ្វើការ ជាមួយក្រុមហ៊ុនឯកជន ដែលកំពុងតែរៀបចំអនុវត្តថ្នាលបច្ចេកវិទ្យា ដើម្បីគាំទ្រដល់ពាណិជ្ជកម្មអេឡិចត្រូនិក។ បន្ថែមពីនោះទៀត ក្រសួងក៏កំពុងតែរៀបចំអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាមួយ ដែលតាមដាននូវរាប់ទំនិញទាំងអស់ ចេញពីគោលដៅមួយទៅគោលដៅមួយ ដើម្បីធ្វើម៉េចឲ្យវិស័យប្រៃសណីយ៍នេះ មានការរីកចម្រើន។

រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានឲ្យដឹងទៀតថា ក្នុងពេលអនាគត ក្នុងរយៈពេល៥ឆ្នាំ ទៅ១០ឆ្នាំខាងមុខនេះ តាមការព្យាករណ៍របស់អ្នកសេដ្ឋកិច្ចមួយចំនួន វិស័យពាណិជ្ជកម្មអេឡិចត្រូនិក គឺជាវិស័យមួយដ៏ធំនៅក្នុងសេដ្ឋកិច្ចជាតិរបស់ប្រទេសនីមួយៗ ក៏ដូចជានៅក្នុងពិភពលោកផងដែរ។

ចំពោះវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍ព័ត៌មាន គឺក្រសួងបានដាក់ចេញនូវចក្ខុវិស័យ ធ្វើយ៉ាងណាង ដើម្បីឲ្យ៥ឆ្នាំ ទៅ១៥ឆ្នាំតទៅខាងមុខ ប្រទេសកម្ពុជា ទាំងវិស័យសាធារណៈ ទាំងវិស័យឯកជន គឺបានប្រែក្លាយខ្លួន ឲ្យទៅជាវិស័យមួយ ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងកិច្ចការរដ្ឋ ក៏ដូចជាកិច្ចការឯកជន។ នេះជាការបញ្ជាក់ របស់រដ្ឋមន្ត្រី ជា វ៉ាន់ដេត៕