(ភ្នំពេញ)៖ ក្រុមប្រឹក្សាលើកតម្កើងហ្វ្រង់កូហ្វូនីនៅកម្ពុជា (CPFC) បានរៀបចំមហាសន្និបាតលើកទី៦ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតីភាពរបស់លោកបណ្ឌិត ឈីវ យីស៊ាង រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលជាតិអមអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដោយមានការចូលរួមរបស់លោក Edgar DOERIG តំណាងអង្គការ OIF ប្រចាំតំបន់អាស៉ី-ប៉ាស៉ីហ្វិកដែលទើបតែងតាំងថ្មី និងលោក Laurent SERMET នាយក AUF ប្រចាំតំបន់អាស៉ី-ប៉ាស៉ីហ្វិក។

មហាសន្និបាតនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក៏មានការចូលរួមផងដែររបស់តួអង្គហ្វ្រង់កូហ្វូនទាំងអស់នៅប្រទេសកម្ពុជា ដែលជាស្ថាប័នសមាជិក CPFC ស្ថានទូតនៃប្រទេសហ្វ្រង់កូហ្វូន គ្រឹះស្ថានឧត្តមសិក្សា សង្គមស៉ីវិល មជ្ឈដ្ឋានធុរកិច្ច និងសារព័ត៌មាន។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឲ្យដឹងថា ក្រុមប្រឹក្សា CPFC បានស្វាគមន៍យ៉ាងកក់ក្តៅ និងប្រសិទ្ធពរជ័យជូនចំពោះលោក Edgar DOERIG តំណាងអង្គការ OIF ប្រចាំតំបន់អាស៉ី-ប៉ាស៉ីហ្វិក នៅទីក្រុងហាណូយ និងបានកត់សម្គាល់នូវសកម្មភាពដែលលោកមានបំណងអនុវត្តនៅក្នុងអំឡុងពេលនៃអាណត្តិរបស់លោក ដែលផ្តោតសំខាន់ទៅលើការលើកតម្កើងលទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍប្រកបដោយចីរភាព ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច សមភាពយេនឌ័រ និងការពង្រឹងសន្តិភាព។ លោក DOERIG ក៏មានបំណងបង្កើនសមត្ថភាពរបស់សង្គមស៉ីវិលផងដែរ។

ក្រុមប្រឹក្សា CPFC បានកត់សម្គាល់ផងដែរនូវសុន្ទរកថារបស់លោក Laurent SERMET នាយក AUFប្រចាំតំបន់អាស៉ី-ប៉ាស៉ីហ្វិក ទៅលើវឌ្ឍនភាពនៃគ្រឹះស្ថានឧត្តមសិក្សាជាសមាជិករបស់ទីភ្នាក់ងារ AUF នៅកម្ពុជា ការបង្កើតមជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូននៅបាត់ដំបង ការផ្តល់ការគាំទ្រដល់សាកលវិទ្យាល័យ ដោយសង្កត់ធ្ងន់លើកិច្ចខំប្រឹងប្រែងរបស់ទីភ្នាក់ងារ AUF ទាក់ទងនឹងការងាររបស់យុវជនកម្ពុជា។

ក្រុមប្រឹក្សា CPFC បានគូសបញ្ជាក់ពីសារៈសំខាន់នៃបទបង្ហាញរបស់លោករដ្ឋលេខាធិការ ឈីវ យីស៊ាង អំពីគោលនយោយហ្វ្រង់កូហ្វូនីរបស់កម្ពុជានៅអាស៉ី-ប៉ាស៉ីហ្វិក ដែលបានក្លាយជាតំបន់អាទិភាពនៃពិភពលោក នៅក្នុងវិស័យជាច្រើន ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ និងលំហូរហិរញ្ញវត្ថុ ព្រមទាំងអំពីជំហររបស់កម្ពុជាចំពោះសំណុំរឿងសំខាន់ៗបច្ចុប្បន្ននៃពិភពលោក និងសកម្មភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ លោករដ្ឋលេខាធិការ បានផ្តោតសំខាន់ទៅលើសន្តិភាព និងសន្តិសុខ ដែលជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់ពិភពលោក។

អ្នកចូលរួមទាំងអស់ បានកត់សម្គាល់យ៉ាងពេញចិត្តនូវភាពសម្បូរបែប និងភាពចម្រុះនៃសកម្មភាពនានាដែលតួអង្គហ្វ្រង់កូហ្វូននៅកម្ពុជាបានអនុវត្ត ចាប់តាំងពីមហាសន្និបាតចុងក្រោយ ក្នុងខែសីហា ឆ្នាំ២០២២។ ស្ថានទូតបារាំង ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលាភូមិន្ទរដ្ឋបាល វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានបង្ហាញពីសកម្មភាពរបស់ខ្លួននៅក្នុងវិស័យអប់រំ។ ស្ថានទូតថៃ បានបង្ហាញពីសកម្មភាពហ្វ្រង់កូហ្វូនដែលបានអនុវត្តនៅប្រទេសថៃ។ តំណាងមកពីរដ្ឋសភាជាតិ និងព្រឹទ្ធសភា បានធ្វើបទបង្ហាញអំពីកិច្ចសហប្រតិបត្តិក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី។

សង្គមស៉ីវិលបានបង្ហាញពីកម្មវិធីរបស់ខ្លួន តាមរយៈសំឡេងរបស់សមាគម។ សាលារាជធានីភ្នំពេញ និងសាលាខេត្តព្រះសីហនុ បានលើកឡើងពីបញ្ហាប្រឈមរបស់ខ្លួនពាក់ព័ន្ធនឹងហ្វ្រង់កូហ្វូនី សម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤។ ជាចុងបញ្ចប់ មជ្ឈមណ្ឌល NPMEC បានបង្ហាញពីសកម្មភាពរបស់ខ្លួន ដើម្បីបម្រើដល់បេសកកម្មរក្សាសន្តិភាព និងការដោះមីន និងកិច្ចសហប្រតិបត្តិការដែលផ្តល់ដោយប្រទេសបារាំង។

លើសពីនេះទៀត ក្រុមប្រឹក្សា CPFC បានសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៨ នៅកោះ Djerba ដែលក្នុងនោះ មានការអនុម័តអត្ថបទសំខាន់ៗចំនួន ៥ ជាពិសេស សេចក្តីថ្លែងការណ៍ Djerba ការបោះឆ្នោតជ្រើសរើសលោកស្រី Louise Mushikiwabo ជាអគ្គលេខាធិការសម្រាប់អាណត្តិទី២ និងការជ្រើសរើសប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំកំពូលលើកទី១៩ នៅឆ្នាំ២០២៤។ បញ្ហាទាក់ទងនឹងបច្ចេកវិទ្យាឌីជីថលដែលជាកត្តាជំរុញការអភិវឌ្ឍ និងសាមគ្គីភាព និងបញ្ហាទាក់ទងនឹងតួនាទីរបស់ស្ត្រី និងយុវជន និងការបាត់បង់ទំនុក ចិត្តរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានលើកយកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។

ទាក់ទងនឹងការរៀបចំផែនការការងារសម្រាប់ឆ្នាំ២០២៣ កិច្ចប្រជុំ RESIFAP លើកទី៧ កាលពីខែកញ្ញា ឆ្នាំ២០២២ បានឯកភាពរៀបចំវេទិកាយុវជនហ្វ្រង់កូហ្វូននៅអាស៉ី-ប៉ាស៉ីហ្វិក នៅឆ្នាំ២០២៤ ក្រោមប្រធានបទ “ឌីជីថល ការងារ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព៖ ភាសាបារាំងជាកត្តាជំរុញសម្រាប់យុវជននៅតំបន់អាស៉ី-ប៉ាស៉ីហ្វិក”។ ដូច្នេះ ឆ្នាំ២០២៣ ជាឆ្នាំនៃការរៀបចំហើយ វេទិកាយុវជននេះ នឹងក្លាយជាសកម្មភាពដ៏សំខាន់មួយនៃផែនការការងារពេញមួយឆ្នាំ២០២៣។ សកម្មភាពជាច្រើនត្រូវបានគ្រោងទុកដើម្បីរៀបចំសម្រាប់ព្រឹត្តិការណ៍នេះ ដូចជា សកម្មភាពលើកកម្ពស់ការយល់ដឹង បង្កើតបណ្តាញ និងកិច្ចសហការ។

ក្រុមប្រឹក្សា CPFC បានពិចារណាដោយយកចិត្តទុកដាក់ ចំពោះសំណើរបស់ប្រធានក្រុមប្រឹក្សា ទាក់ទងនឹងការធ្វើវិសោធនកម្មជាយថាហេតុនូវលក្ខន្តិកៈ CPFC ជាពិសេសទាក់ទងនឹងប្រការស្តីពីអាណត្តិរបស់ប្រធាន។ ក្រុមប្រឹក្សា បានសម្រេចថានឹងពិភាក្សាស៉ីជម្រៅអំពីករណីនេះ នៅក្នុងកិច្ចប្រជុំនាពេលខាងមុខ។ ក្រុមប្រឹក្សា CPFC ក៏បានសាទរផងដែរចំពោះការបន្ថែមសមាជិកថ្មីចំនួន៤ ដូចជា ក្រុមហ៊ុន Auskhmer សមាគមយុវជន សាលាខេត្តព្រះសីហនុ និងក្រុមហ៊ុន Business Center Cambodia។

តាមរយៈក្រុមប្រឹក្សា CPFC បង្ហាញឲ្យឃើញថា ហ្វ្រង់កូហ្វូនីនៅកម្ពុជាមានភាពរស់រវើក និងផ្តោតសំខាន់ទៅលើតំបន់អាស៉ី-ប៉ាស៉ីហ្វិក។ ឆ្នាំ២០២៣ គឺជាឆ្នាំនៃការបង្កើតទំនាក់ទំនងថ្មីៗ និងការធ្វើសកម្មភាពរួមនៅក្នុងតំបន់របស់យើង ក្រោមឆ័ត្ររបស់អង្គការ OIF។

នៅពេលចប់មហាសន្និបាតលើកទី៦ ពិធីជប់លៀងត្រូវបានរៀបចំឡើង នៅភោជនីយដ្ឋាន Villa 5 Contemporary Cuisine ដើម្បីអបអរសាទរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៣ ជុំវិញប្រធានបទ «321 millions de francophones, des milliards de contenus culturels»