(ព្រៃវែង)៖ លោកសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា កងកម្លាំងអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ព្រោះថាគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព គឺជាកត្តាដ៏សំខាន់សម្រាប់បម្រើការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់។

ការលើកឡើងបែបនេះរបស់លោកសន្តិបណ្ឌិត ចាន់ អ៊ាន គឺនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ក្នុងខេត្តព្រៃវែង នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ។

លោកសន្តិបណ្ឌិត បានណែនាំដល់កងកម្លាំងដែលពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសក្នុងការចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់ពេលវេលាគ្រប់កាលៈទេសៈដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ ឬក៏និន្នាការនយោបាយបក្សពួកនិយមណាមួយឡើយ ដោយត្រូវខិតខំអនុវត្តនិងបម្រើជូនគាត់ឱ្យអស់ពីកម្លាំងកាយចិត្ត ដែលទាំងនេះគឺជាផ្នែកមួយក្នុងការ ការពារសុវត្ថិភាពសន្តិសុខសណ្ដាប់ធ្នាប់ជូនគាត់ប្រកបដោយភាពកក់ក្តៅ និងសន្តិសុខខ្ពស់។

ជាមួយគ្នានេះលោកសន្តិបណ្ឌិត ចាន់ អ៊ាន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំងបីដែលបានខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយនេះបានយ៉ាងល្អប្រសើរនាពេលកន្លងមក ដែលបងប្អូនប្រជាពលរដ្ឋមានជំនឿជឿជាក់យ៉ាងខ្លាំងចំពោះគោលនយោបាយមួយនេះ។

លោកសន្តិបណ្ឌិត ចាន់ អ៊ាន បានបន្តថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់សមត្ថភាព រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបន្តជំរុញអនុវត្តនូវកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលមក ដល់ពេលនេះ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើការពង្រឹងភាពជាម្ចាស់ការរបស់រដ្ឋបាលមូលដ្ឋាន ក្នុងការបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់ តម្លាភាព និងគណនយ្យភាព។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២ គណៈបញ្ហាការឯកភាពរដ្ឋបាលខេត្តព្រៃវែង បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទទួលបានលទ្ធផលរួមមាន បទល្មើសព្រហ្មទណ្ឌ កើតឡើងចំនួន ៥៥លើក លើ ៧៤លើក ប្រៀបធៀបនឹងឆ្នាំ២០២១ មានការថយចុះ ១៩លើក ស្មើនឹង ២៦%។ បង្ក្រាយបាន ៥២លើក លើ ៥៥លើក ស្មើនឹង៩៤% នៃបទល្មើសកើតឡើង បានឃាត់ខ្លួនចំនួន ៧១នាក់។ ការងារប្រឆាំងគ្រឿងញៀន បង្ក្រាបបានចំនួន ១៤២លើក ឃាត់ខ្លួនជនសង្ស័យចំនួន ២៥២នាក់ និងបានដកហូតវត្ថុតាងមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងបានបញ្ចូនទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីជាការតាមនីតិវិធីច្បាប់។

ការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបង្ក្រាបចំនួន ២៤លើក ឃាត់ខ្លួន ២៦នាក់ ល្បែងស៊ីសង បង្ក្រាបបានចំនួន ២៨លើក ឃាត់ខ្លួនចំនួន ៣៦នាក់ ស្រី០៨នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ៧៤លើក ៨៦លើក ប្រៀបធៀបនឹងឆ្នាំ២០២១ មានការថយចុះ ១២លើក ស្មើនឹង១៤% បណ្ដាលឱ្យមនុស្សស្លាប់ចំនួ ៨០នាក់ របួស ៥៩នាក់ មូលហេតុមកពីបើកលឿន ការឆ្លងកាត់មិនប្រុងប្រយ័ត្នបើកបរក្នុងស្ថានភាពស្រវឹង វ៉ាជែង និងងងុយដេក។

ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ខេត្តព្រៃវែង ក្នុងចំណោម ១១៦ឃុំ-សង្កាត់ ទទួលបានជ័យលាភីលេខ១ ចំនួន៨៥ ឃុំ-សង្កាត់លេខ២ ចំនួន ២៩ឃុំ និងលេខ៣ ចំនួន ២ឃុំ៕