(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ទទួលជួបសម្ដែងការគួរសម ជាមួយប្រតិភូប្រទេសថៃ ដឹកនាំដោយ Pro.Dr.Ismail Lutfi Japakiya សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Fatoni នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC)។ ជំនួបនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក៏មានការចូលរួមពីអតីតនិស្សិតនៃសាកលវិទ្យល័យខាងលើប្រមាណ១០០នាក់ ផងដែរ។

ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណ ដល់ភាគីប្រទេសថៃ ដែលតែងតែយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងសិស្សនិស្សិតកម្ពុជាកន្លងមក ដែលនេះគឺជាការចូលរួមចំណែកលើកស្ទួយវិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា។

លោកបណ្ឌិត បានផ្ដល់អនុសាសន៍ណែនាំដល់អតីតនិស្សិត ឲ្យបន្តសហការសាមគ្កីគ្នាជាថ្លុងតែមួយ ដើម្បីភាពរឹងមាំសម្រាប់សហគមន៍ និងធ្វើយ៉ាងណាកុំឲ្យមានភាពបែកបាក់ផ្ទៃក្នុង។ លោកបានបន្តលើកទឹកចិត្តដល់អង្គពិធីទាំងអស់ សូមពង្រឹងស្មារតីតែមួយ និងខិតខំប្រឹងប្រែងបម្រើការងារ និងចូលរួមអភិវឌ្ឍន៍សហគមន៍ឥស្លាម និងប្រទេសជាតិ។

ជាមួយគ្នានោះ Pro.Dr.Ismail Lutfi Japakiya បានសម្ដែងនូវការស្ញប់ស្ញែង និងកោតសរសើរ ចំពោះលោកបណ្ឌិត អូស្មាន ហាស្សាន់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីអភិវឌ្ឍន៍សហគមន៍មកដល់សព្វថ្ងៃ។

ភាគីទាំងពីរបានបញ្ជាក់ ពីជំហរយ៉ាងមុតមាំក្នុងការរក្សាកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ដើម្បីបន្តផ្ដល់អត្ថប្រយោជន៍ ឲ្យគ្នាទៅវិញទៅមកតរៀងទៅ៕