(ប៉េកាំង)៖ យន្តហោះដឹកទំនិញ និងយោធាធំបំផុតមិនធ្លាប់មាននៅប្រទេសចិននោះ ត្រូវបានដាក់ឲ្យដំណើរការជា លើកដំបូងហើយ ខណៈរដ្ឋមន្ត្រីការពារជាតិចិនបានហៅវាថាជា «ជំហានដ៏មានសារៈសំខាន់បំផុតមួយ» សម្រាប់ គំរោងបង្កើនឥទ្ធិពលលើវិស័យដឹកជញ្ជូនតាមដែនអាកាស។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ សារព័ត៌មាន CNN នាព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០១៦។
យន្តហោះខាងលើនេះមានរហ័សនាមថា Y-20 អាចដឹកទំងន់បានក្នុងកម្រិតអតិបរមា ២០០តោន ហើយនឹងត្រូវបំពាក់ ឲ្យដំណើរការក្នុង កងទ័ពបដិវត្តន៍ប្រជាជនចិន (PLA) ដែលមានមូលដ្ឋាននៅទីក្រុង Chengdu ភាគនិរិតីប្រទេសចិន។ យន្តហោះប្រភេទនេះត្រូវបានផលិតឡើង ដើម្បីបម្រើការដឹកទំនិញ និងយោធា ឆ្លងកាត់អាកាសធាតុអាក្រក់ៗរយៈពេល យូរប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ហើយវាអាចធ្វើដំណើរបានរយៈចម្ងាយ ៤,៥០០ គីឡូម៉ែត្រប្រសិនបើ ផ្ទុកទំនិញពេញ និងបានចម្ងាយ ៨,០០០ គីឡូម៉ែត្រ ប្រសិនបើដឹកទម្ងន់តែ ៤០តោន។
គួរបញ្ជាក់ថា យន្តហោះខាងលើនេះត្រូវបានចាត់ទុកជាការបង្កើនឥទ្ធិពលនៃការចរាចរណ៍ដែនអាកាសរបស់យោធាចិន ក្នុងនាមជាមហាអំណាចលេខ១នៅអាស៊ី និងជាប្រទេសដែលមានយោធាច្រើនបំផុតនៅលើពិភពលោក។ បន្ថែមពីនេះ ទៀតចិនក៏កំពុងតែធ្វើការអភិវឌ្ឍនាវាដឹកយន្តហោះចម្បាំងដោយខ្លួនឯង រួមជាមួយមីស៊ីលប្រឆាំងផ្កាយរណប និង យន្តហោះប្រតិកម្មពិសេសផ្សេងទៀតផងដែរ៕