(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចក្នុងការបែងចែកតួនាទីភារកិច្ចរបស់គណៈកម្មការ អនុគណៈកម្មការ និងការទទួលខុសត្រូវក្នុងការរៀបចំពិធីសង្ក្រាន្តស្វាយរៀង ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២៣។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោកអនុប្រធាន ស.ស.យ.ក.ខេត្តស្វាយរៀង លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុង-ស្រុក លោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត ព្រមទាំងសមាជិក សមាជិកាគណៈកម្មការ អនុគណៈកម្មការ និងក្រុមការងារ សង្ក្រាន្តស្វាយរៀងមួយចំនួនទៀត។

ក្នុងឱកាសនេះ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់អនុគណៈកម្មការ និងក្រុមការងារទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចដូចមានកំណត់ក្នុងសេចក្ដីសម្រេចឱ្យបានល្អប្រសើរ ចាត់ចែងរៀបចំកិច្ចប្រជុំធ្វើផែនការលម្អិត និងលើកគម្រោងចំណាយនៅក្នុងអនុគណៈកម្មការ និងក្រុមការងារនីមួយៗឱ្យបានច្បាស់លាស់ ដើម្បីឱ្យកម្មវិធីប្រព្រឹត្តិទៅដោយរលូនតាមការគ្រោងទុក ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខ ឱ្យទទួលបានលទ្ធផលជោគជ័យ និងបង្កភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋបានទស្សនា និងលេងកម្សាន្តប្រកបដោយសន្តិសុខ សុវត្ថិភាពល្អប្រសើរ៕