(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានសហការជាមួយ វិទ្យាល័យឥន្ទ្រទេវី រៀបចំវគ្គផ្សព្វផ្សាយ «ច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករក្នុងសាលារៀន។

វគ្គផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពលោក ង៉ែត ចេក អគ្គនាយករង ក.ប.ប. តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក នាក់ សុទ្ធា នាយកវិទ្យាល័យឥន្ទ្រទេវី និងតំណាង មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញផងដែរ។

ថ្លែងក្នុងមតិស្វាគមន៍ ដល់វគ្គបណ្តុះបណ្តាលនេះលោក នាក់ សុទ្ធា នាយកវិទ្យាល័យ ឥន្ទ្រទេវី បានណែនាំឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ ក្នុងសាលារៀនទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រង់ត្រាប់ ស្តាប់នូវគោលការណ៍ សំខាន់នៃច្បាប់ ដែលវាគ្មិនអញ្ជើញមកពីអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើបទបង្ហាញនៅពេលនេះ និង សូមផ្តល់នូវមតិ យោបល់ ដោយ លើកឡើងនូវសំនួរ ដើម្បីឱ្យវាគ្មិនធ្វើការបកស្រាយ ឱ្យបានច្បាស់លាស់ និងសំណូមពរមន្ត្រី អធិការកិច្ច របស់អគ្គនាយកដ្ឋាន ក.ប.ប. បង្កើនសកម្មភាពត្រួតពិនិត្យផលិតផលទំនិញ ពិសេសម្ហូបអាហារ អនុវត្តវិធានការច្បាប់ ដោយម៉ឺងម៉ាត់ សំដៅទប់ស្កាត់ឱ្យបាននូវការធ្វើអាជីវក ម្មមិនសុចរិត ក្នុងវិស័យម្ហូបអាហារ។

ក្នុងឱកាសនោះ លោក ង៉ែត ចេក បានឱ្យដឹងថា អនុវត្តអនុសាសន៍ណែនាំរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ដោយបានទទួលកិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា និងពិសេសបណ្តាមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត បានរៀបចំកម្មវិធីផ្សព្វផ្សាយអំពី «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករលក់ ម្ហូបអាហារ នៅតាមបណ្តាគ្រឹះស្ថានសិក្សា ទាំងគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ និងឯកជន។

កម្មវិធីផ្សព្វផ្សាយនេះមានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែបណ្តុះនូវពុទ្ធិផ្នែកច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យល់ច្បាស់អំពីលក្ខខណ្ឌ និងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិ ដែលត្រូវទទួលបាន របស់អ្នកប្រើប្រាស់ សំដៅជំរុញលើកកម្ពស់ សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ច របស់អ្នកប្រើប្រាស់ លើកកំពស់ការប្រកួតប្រជែង ប្រកបដោយសមធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិ ឱ្យរីកចំរើនទៅមុខ។

លោក ហេង មាលី ប្រធានសាខា ក.ប.ប.រាជធានីភ្នំពេញ បានឱ្យដឹងថា មុនវគ្គផ្សព្វផ្សាយនេះ មន្ត្រីជំនាញក៏ បានចុះត្រួតពិនិត្យម្ហូបអាហារ នៅតាមតូបលក់អាហារ ក្នុងសាលាចំនួន១០កន្លែង ជាលទ្ធផលពុំមានវត្តមានសារធាតុ គីមីទេ និងបានចែកជូនផ្ទាំងរូបភាព អំពីសុវត្ថិភាពម្ហូបអាហារ ហើយវគ្គផ្សព្វផ្សាយនេះ មានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករលក់ដូរក្នុងសាលា សរុបប្រមាណ២៦០នាក់ ដែលជាការផ្តល់ចំណេះដឹង ជាមូលដ្ឋានសម្រាប់អ្នកប្រើប្រាស់ បានស្វែងយល់អំពី ការជ្រើសរើសម្ហូបអាហារមានគុណភាព សុវត្ថិភាព តាមលក្ខខណ្ឌតម្រូវជាធរមានលើស្លាកសញ្ញា សម្រាប់ផលិតផលម្ហូបអាហារវេចខ្ចប់ស្រាប់ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព ម្ហូបអាហារចាប់ពីកសិដ្ឋាន ដល់តុអាហារ។

នៅចុងបញ្ចប លោក ង៉ែត ចេកបានសំណូមពរឱ្យវគ្គផ្សព្វផ្សាយយកវេទិកានេះ ជាវេទិកាពិភាក្សា បញ្ចេញមតិ ដោយលើកឡើងនូវសំណូមពរ ឬសំនួរនានាពាក់ព័ន្ធនឹងម្ហូបអាហារ ដើម្បីឱ្យយល់កាន់តែច្បាស់ថែមទៀត អំពីរបៀប នៃការជ្រើសរើសផលិតផល ពិសេសម្ហូបអាហារដែលមានសុវត្ថិភាព ផលប៉ះពាល់ពីការប្រើប្រាស់ សារធាតុគីមីហាមឃាត់ ក្នុងម្ហូបអាហារ ការផលិត ដាក់លក់ ឬបរិភោគអាហារខ្វះអនាម័យ ដែលនាំដែលជាកត្តាបង្កគ្រោះថ្នាក់ ដល់សុខភាពរបស់យើងទាំងអស់គ្នា ដើម្បីសង្គមយើង គ្រួសារយើង ពិសេសខ្លួនយើង សូមប្អូនៗ ដែលជាសិស្សានុសិស្ស ជ្រើសរើសម្ហូបអាហារ មានអនាម័យ សុវត្ថិភាព និងគុណភាព ហើយជៀសឱ្យឆ្ងាយ ពីគ្រឿងញៀនទាំងអស់គ្នា៕