(កំពង់ចាម)៖ លោក ឧកញ៉ា ហួត ឈឿន បានបន្តជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ចាម-មណ្ឌលគីរី អាណត្តិទី៣ តាមរយៈការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី អាណត្តិទី៣ លើកទី១ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងលោក ឡោ ចាន់លី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម។

បន្ទាប់ពីប្រកាសលទ្ធផល លោកឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី ក្នុងអាណត្តិថ្មីនេះ បានធ្វើការប្រាជ្ញាចិត្តថា «ក្នុងអាណត្តិថ្មីនេះលោកប្រាជ្ញាខិតខំកៀរគរ រកអ្នកវិនិយោគឱ្យមក ខេត្តកំពង់ចាមឲ្យបានផុសផុសបន្ថែមទៀត និងរួមសហការការងារជាមួយសមាជិកសមាជិកាក្នុងអង្គភាពឱ្យបានល្អប្រសើរ»

លោក ឡោ ចាន់លី បានថ្លែងអបអរសាទរនៅលទ្ធផលការបោះឆ្នោតថ្ងៃនេះ ដែលបានរៀបចំធ្វើឡើងរយ:មួយថ្ងៃ ជាពិសេសសូមគាំទ្រ ដល់សកម្មភាពការងាររបស់សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី ដែលត្រូវបន្តរែកពន់ការងារជាច្រើន។ ម្យ៉ាងទៀតត្រូវធ្វើកិច្ចការដើម្បីបង្ហាញឆ្លើយតបទៅក្រុមអាជីវករ ដែលពួកគាត់បានចំណាយពេលវេលាមកបោះឆ្នោតគាំទ្រ ជ្រើសតាំងប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី នាពេលនេះ។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា លទ្ធផលឆ្នោតនៅថ្ងៃនេះ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី ត្រូវដឹងគុណដល់អាជីវករ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកបោះឆ្នោតជូន។

ជាមួយគ្នានោះ លោករដ្ឋលេខាធិការ បានណែនាំឲ្យឧកញ៉ាប្រធាន ទើបនឹងជាប់ឆ្នោត គួរតែបង្កើត Chanel telegram ចងក្រងរៀបជាក្រុម ជាមួយនឹងសមាជិកសមាជិកា រួមនិងអាជីវករទាំងអស់ ដើម្បីពួកគាត់បានទទួលគ្រប់ព័ត៌មាន នៃសកម្មភាពការងារ របស់ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី៕