(ភ្នំពេញ)៖ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានចេញដីកាបង្គាប់ឲ្យដោះលែងលោក យឹម ស៉ីណន ក្រោយលោកត្រូវបានដាក់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ន កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធនឹងការប្រមាថអង្គព្រះមហាក្សត្រ។ នេះបើតាមដីកាបង្គាប់ឲ្យដោះលែង ដែលបណ្តាញ Fresh News ទទួលបាននៅមុននេះបន្តិច។
ការចេញដីកាបង្គាប់ឲ្យដោះលែងលោក យឹម ស៉ីណន បានធ្វើឡើងបន្ទាប់ពីលោកបានចេញវីដេអូ និងសរសេរលិខិតមួយ សូមព្រះរាជទានទោសពីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសូមទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងសំណេរប្រមាថលើហ្វេសប៊ុក ថ្មីៗនេះ។
ជាមួយគ្នានេះ ទាំងប្រពន្ធ និងកូនរបស់លោក យឹម ស៉ីណន សុទ្ធតែបានបង្ហោះសារសូមព្រះរាជទានទោសពីព្រះមហាក្សត្រ និងសូមទោសសម្តេចតេជោ ហ៊ុន សែន ចំពោះកំហុសរបស់លោក យឹម ស៉ីណន នៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ។
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ តុលាការ បានបង្គាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) នៃក្រសួងមហាផ្ទៃ ដោះលែងជនត្រូវចោទឈ្មោះ យឹម ស៉ីណន ភេទប្រុស កើតថ្ងៃទី០១ ខែមករា ឆ្នាំ១៩៨៣ ជនជាតិខ្មែរ ដែលត្រូវបានឃុំខ្លួនតាមដីកាបង្គាប់ឲ្យឃុំខ្លួន ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ប្រសិនបើឈ្មោះនេះមិនត្រូវបានឃុំខ្លួនពីបទល្មើសផ្សេងទៀតទេ។
សូមជម្រាបថា លោក យឹម ស៉ីណន ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ»។
ការឃាត់ខ្លួនជននេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដោយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានបង្ហោះសារបែបញុះញង់ តាមបណ្តាញសង្គម ពាក់ព័ន្ធនឹងរូបភាពព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣៕