(ភ្នំពេញ)៖ លោក តាំង រតនា អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដើម្បីពិនិត្យ និងពិភាក្សាលើការកំណត់កាលបរិច្ឆេទប្រឡង មណ្ឌលប្រឡង និងឯកសារពាក់ព័ន្ធផ្សេងៗទាក់ទងនឹងការប្រឡងជ្រើសរើសមន្ត្រីរាជការ។

ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅសាលសន្និសីទ ទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ អគារ ស វិមានរដ្ឋចំការមន លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា មន្ត្រីរាជការដែលត្រូវជ្រើសរើស គឺក្របខណ្ឌអភិបាល (ប្រភេទ ក) កម្រិតបរិញ្ញាបត្រចំនួន ១៤រូប ក្នុងនោះផ្នែកនីតិសាស្ត្រចំនួន ១២រូប និងផ្នែកភាសាអង់គ្លេសចំនួន ០២រូប ដើម្បីជំនួសក្របខណ្ឌមន្ត្រីរាជការដែលបានចូលនិវត្តន៍ ផ្ទេរក្របខណ្ឌទៅក្រសួងស្ថាប័នផ្សេង លាឈប់ពីការងារ និងទទួលមរណភាព។

ម្យ៉ាងទៀត ការជ្រើសរើសមន្រ្តីរាជការនេះ ក៏ជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការផ្តល់ឱកាសឱ្យបញ្ញាវន្តជំនាន់ក្រោយជាយុវជនដែលពោពេញដោយកម្លាំងថាមពល បញ្ញាញាណ និងសមត្ថភាព បានចូលរួមបម្រើក្នុងក្របខណ្ឌនៃស្ថាប័នកំពូលជាតិមួយនេះ ជាពិសេសក្នុងបុព្វហេតុធានាការពារការគោរពរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសជាតិ៕