(សេអ៊ូល)៖ ការដាក់ឈ្មោះមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-Un របស់រដ្ឋាភិបាលទីក្រុង Washington ចូលទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួនជាលើកដំបូង ត្រូវបានស្វាគមន៍ដោយរដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ ដោយរដ្ឋាភិបាលទីក្រុង Seoul លើកឡើងថា វាគួរតែធ្វើឲ្យមានការដាក់បង្ហាញ នូវការរំលោភបំពានសិទ្ធិមនុស្ស នៅក្នុងប្រទេសផ្តាច់ការនេះ។ នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនៅយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ។
សហរដ្ឋអាមេរិកបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-Un និងក្រុមមន្ត្រីកំពូល១០រូបទៀត ក៏ត្រូវបានដាក់ចូលក្នុង បញ្ជីខ្មៅ ដែលជាជនស្ថិតនៅពីក្រោយការរំលោភបំពាន ជាសកលរួមមាន៖ ការសម្លាប់ក្រៅប្រព័ន្ធតុលាការ, បង្ខំ និងធ្វើទារុណកម្មពលករ នៅក្នុងប្រព័ន្ធជុំរំពន្ធធនាគារអ្នកទោសនយោបាយ របស់ប្រទេស ដែលបានធ្វើឲ្យកូរ៉េខាងជើង ស្ថិតនៅក្នុងចំណោម «ប្រទេសដែលឃោរឃៅបំផុត នៅក្នុងពិភពលោក»។
រដ្ឋាភិបាលទីក្រុង Seoul គាំទ្រសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធរបស់ខ្លួន ដោយបានរំពឹងថា ចលនានេះនឹងបញ្ចាំងពន្លឺ ស្តីពីការរំលោភសិទ្ធិមនុស្ស នៅកូរ៉េខាងជើង។ លោក Phil Robertson អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សសហរដ្ឋអាមេរិក ប្រចាំតំបន់អាស៊ី បានលើកឡើងថា «វិធានការនេះ គឺជាជំហានដ៏សំខាន់ ដើម្បីឆ្ពោះទៅមុន ក្នុងការសម្រេចបានយុត្តិធម៌ សម្រាប់ជនរងគ្រោះច្រើនរាប់ពុំអស់ ដែលត្រូវបានរំលោភសិទ្ធមនុស្ស នៅក្នុងប្រទេសកូរ៉េខាងជើង»៕