(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ បានប្រកាសផ្សព្វផ្សាយវិធានការគោលនយោបាយអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) និងសារាចររាជរដ្ឋាភិបាល ស្តីពីការរៀបចំយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣នេះ ព្រមទាំងបានលើកអនុសាសន៍មួយចំនួន ដល់គ្រប់ភាគីពាក់ព័ន្ធផងដែរ។

ការប្រកាសនេះធ្វើឡើងក្រោមអធិបតីភាពលោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍, អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងជាសមាជិកក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងទេសចរណ៍។

លោក ទិត ចន្ថា បានឱ្យដឹងថា យោងតាមផែនទីចង្អុលផ្លូវ និងដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី យុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់២ រួមមាន៖ ទី១. លើកកម្ពស់កិត្តិនាមទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» នៅលើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា និងទី២.ផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ដើម្បីបង្កើនឧត្ដមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩។

លោករដ្ឋលេខាធិការប្រចាំការបានបន្តថា ដើម្បីសម្រេចបាននូវគោលបំណងនេះ វិធានការគោលនយោបាយអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ត្រូវបានរៀបចំដោយផ្អែកលើអភិក្រមនៃការជំរុញព្រឹត្តិការណ៍ ដែលក្នុងនោះមានព្រឹត្តិការណ៍អន្តរជាតិនិងជាតិចំនួន២២ព្រឹត្តិការណ៍ និងព្រឹត្តិការណ៍កម្រិតមូលដ្ឋាននៅទូទាំង២៥រាជធានី-ខេត្ត និងអភិក្រមនៃការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ តាមរយៈការដាក់ចេញនូវយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ក្រោមពាក្យស្លោក “គ្រប់ថ្ងៃគឺជាអច្ឆរិយភាព” (Every day is a Wonder) ដែលមានលម្អិតក្នុងវិធានការទាំង១៩។ ក្នុងន័យនេះ ការកំណត់ទីតាំងទីផ្សារទេសចរណ៍កម្ពុជា (Positioning) នៅលើទីផ្សារក្នុងតំបន់ និងសកលោកក្រោយវិបត្តិជំងឺកូវីដ-១៩ គឺពិតជាមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដើម្បីឈានទៅដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយដ៏មានប្រសិទ្ធភាព ជាមួយការបង្កើត Branding និងសារខ្លីៗដែលមានភាពទាក់ទាញ និងងាយចងចាំសម្រាប់ភ្ញៀវទេសចរ។

នាឱកាសនោះ លោក ទិត ចន្ថា បានលើកឡើងនូវអនុសាសន៍មួយចំនួនដើម្បីជំរុញការអនុវត្តវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព ដូចខាងក្រោម៖

ទី១. ស្នើឱ្យគ្រប់ក្រសួង-ស្ថាប័នរដ្ឋ រដ្ឋបាលរាជធានី-ខេត្ត ផ្នែកឯកជន និងប្រជាពលរដ្ឋគ្រប់រូបចូលរួមអនុវត្តតាមស្មារតីនៃវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» និងសារាចររាជរដ្ឋាភិបាលស្តីពីការរៀបចំយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ដើម្បីជំរុញយុទ្ធនាការដ៏មានសារៈសំខាន់នេះឱ្យទទួលបានជោគជ័យ ចូលរួមគាំទ្រដល់ការងើបឡើងវិញនៃកំណើនទេសចរណ៍កម្ពុជាពីវិបត្តិជំងឺកូវីដ-១៩។

ទី២. ស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្រសួង ស្ថាប័នរដ្ឋ និងប្រតិបត្តិករក្នុងវិស័យឯកជនចូលរួមប្រើប្រាស់ និងផ្សព្វផ្សាយនិមិត្តសញ្ញា (Logo) របស់យុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ឱ្យបានទូលំទូលាយនៅគ្រប់ស្ថាប័ន មូលដ្ឋានអាជីវកម្មទេសចរណ៍ គោលដៅទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសម្បទាគាំទ្រនានា ជាអាទិ៍ នៅលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិហោះចូលកម្ពុជា, អាកាសយានដ្ឋានអន្តរជាតិ និងច្រកទ្វារអន្តរជាតិនានាជាដើម។

ទី៣. ស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមផ្សព្វផ្សាយ «កម្ពុជា ជាគោលដៅទេសចរណ៍ម្ហូបអាហារ» ដែលជាផ្នែកដ៏សំខាន់មួយនៃការចូលរួមដល់ការជំរុញពិពិធកម្មនៃវិស័យទេសចរណ៍កម្ពុជា ជាពិសេសចូលរួមផ្សព្វផ្សាយយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ដែលមានសារមួយ គឺ “គ្រប់រសជាតិគឺជាអច្ឆរិយភាព” (Every flavour is a Wonder) សម្រាប់ផ្សព្វផ្សាយពីម្ហូបអាហារនៅតាមតំបន់ និងគោលដៅនានានៅកម្ពុជា ដែលសុទ្ធតែមានរសជាតិ និងភាពពិសេសរៀងៗខ្លួន។

ទី៤. ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមបង្កើត និងបង្កើនការរៀបចំ និងផ្សព្វផ្សាយ «ផ្លូវទស្សនាចរណ៍កម្ពុជា» សម្រាប់ឆ្នាំ២០២៣ ដោយផ្តោតលើសក្តានុពលទេសចរណ៍ដ៏លេចធ្លោរបស់កម្ពុជា ដើម្បីបង្កើតជាខ្សែទស្សនកិច្ចថ្មីៗ និងទាក់ទាញប្រកបដោយភាពប្រកួតប្រជែងខ្ពស់។

ទី៥. ដើម្បីអនុវត្តវិធានការទី៩ នៃវិធានការគោលនយោបាយស្តីពីការបំផុសចលនាពីវិស័យសាធារណៈ និងឯកជនលើយុទ្ធនាការ «ថ្លៃ» និងស្របតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដែលមានខ្លឹមសារណែនាំ «សូមឱ្យក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ចូលរួមជាមួយគ្នាដើម្បីដាក់ជាតម្លៃ កុំឱ្យពិបាកសួរ ...», លោកបានស្នើដល់រដ្ឋបាលរាជធានី-ខេត្ត និងគ្រប់អាជីវកម្មទេសចរណ៍ទាំងអស់ ពិសេសសេវាកម្មម្ហូបអាហារត្រូវចូលរួមអនុវត្តតាមសារាចរណែនាំ លេខ ០០២សរណន. ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ស្តីពីការរៀបចំដាក់តាំងបង្ហាញបញ្ជីរាយនាមសេវាកម្មរបស់អាជីវកម្មសេវាកម្មទេសចរណ៍ ដោយមានភ្ជាប់ជាមួយតម្លៃ។

ទី៦. ស្នើដល់ប្រជាពលរដ្ឋចូលរួមត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំ ដោយត្រូវចូលរួមផ្តល់បដិសណ្ឋារកិច្ចល្អ ប្រកបដោយភាពកក់ក្តៅ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទី៕