(ព្រះសីហនុ)៖ នាវាចម្បាំង គីរីសាម៉ិ (Kirisame) របស់កងទ័ពជើងទឹកជប៉ុន ដឹកនាំដោយលោកវរនាវីឯក ម៉ាគី តាកាយូគី (Maki Taka Yuki) មេបញ្ជាការកងពលធំស្វ័យការពារ ដែនសមុទ្រជប៉ុនទី៤ បានចូលចតនៅកំពង់ផែព្រះសីហនុចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

ឧត្តមនាវីត្រី អ៉ិន សូខេមរា នាយសេនាធិការរង បញ្ជាការដ្ឋានកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ អមដំណើរដោយលោក ឯម សុផល អនុប្រធានសមាគមរាជសីហ៍ និងប្រតិភូសមាគម ២១រូប បានចូលរួមពិធីបដិសណ្ឋារកិច្ចស្វាគមន៍ ដល់ប្រតិភូនៃនាវាចម្បាំង គីរីសាម៉ិ (Kirisame) នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅកំពង់ផែព្រះសីហនុ។

លោកវរនាវីឯក មេបញ្ជាការនាវា បានឲ្យដឹងថា នាវា គីរីសាម៉ិ នៃកងស្វ័យការពារដែនសមុទ្រជប៉ុន មានទទឹង ១៧.៤ម៉ែត្រ បណ្ដោយ ១៥១ម៉ែត្រ ជម្រៅ ១០.៩ម៉ែត្រ និងមានកងកម្លាំងបម្រើការលើនាវា ចំនួន ១៧០នាក់ ព្រមទាំងឧទ្ធម្ភាគចក្រមួយគ្រឿង សម្រាប់ប្រតិបត្តិការបេសកកម្ម។ ក្នុងអំឡុងពេលចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កងទ័ពទាំងពីរ ជប៉ុននិងកម្ពុជា ក៏នឹងធ្វើលំហាត់រួមគ្នាស្ដីអំពីលំហាត់បញ្ជានាំផ្លូវនាវា និងលំហាត់របៀបថែទាំម៉ាស៉ីននាវា ដើម្បីចែករំលែកបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ។

ក្នុងឱកាសនោះ ឧត្តមនាវីត្រី អ៉ិន សូខេមរា និងលោក ឯម សុផល បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកវរនាវីឯក ម៉ាគី តាកាយូគី ព្រមទាំងមេបញ្ជាការនាវា និងសហការី។

លោក ឯម សុផល បានលើកឡើងថា កំពង់ផែសមុទ្រកម្ពុជា ពុំមែនជាកន្លែងលាក់កងទ័ពចិននោះទេ ផ្ទុយទៅវិញក៏មានកងទ័ពជើងទឹកបរទេស ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកចូលសំចត និងធ្វើលំហាត់សមយុទ្ធរួមគ្នាផងដែរ។ លោកបានកោតសរសើរចំពោះប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលមានជំហរនយោបាយរឹងមាំ ក្នុងការរក្សាអធិបតេយ្យភាពជាតិ និងរក្សាបាននូវកិច្ចសហប្រតិបត្តិការទូលំទូលាយ ដើម្បីជាផលប្រយោជន៍ជូនប្រទេសជាតិមាតុភូមិ៕