(ភ្នំពេញ)៖ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងទេសចរណ៍បានណែនាំដល់គ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត បន្តពង្រឹងការគ្រប់គ្រងបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព។

ការណែនាំនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ ត្រីមាសទី១ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ និងជាតំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីធ្វើការត្រួតពិនិត្យទៅលើវឌ្ឍនភាពការងារនារី និងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សិក្សាបញ្ហាប្រឈម និងដាក់ចេញនូវទិសដៅអនុវត្តបន្តសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣ សំដៅពង្រឹងយន្តការគ្រប់គ្រងអាជីវកម្ម និងបុគ្គលិកស្ត្រីដែលបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ ព្រមទាំងបង្កើនភាពអង់អាចដល់ស្ត្រីដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍ផងដែរ។

នៅក្នុងកិច្ចប្រជុំ លោកស្រីរដ្ឋលេខាធិការបានលើកឡើងថា ស្ត្រីដើរតួនាទីសំខាន់ណាស់ក្នុងវិស័យទេសចរណ៍ ដោយក្នុងចំណោមកម្លាំងពលកម្មចំនួន៣២ម៉ឺននាក់ (សូចនាករទេសចរណ៍ឆ្នាំ២០២២) ស្ត្រីមានចំនួនជិត៦០%។ ដោយឡែកក្នុងផ្នែកសេវាកម្សាន្តទេសចរណ៍ ស្ត្រីមានដល់ជាង៧០%។

ដើម្បីអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍តែងបានយកចិត្តទុកដាក់ជាប្រចាំដល់ក្រុមនារីដែលបម្រើការក្នុងវិស័យទេសចរណ៍ ដោយបានដាក់ចេញនូវកម្មវិធី និងផែនការយុទ្ធសាស្ត្រ សំដៅលើកកម្ពស់ស្ថានភាព តួនាទី និងតម្លៃស្ត្រីក្នុងភាពជាដៃគូទាំងក្នុងក្របខណ្ឌការងារ មុខរបរ និងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច។

ជាក់ស្តែងក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៣នេះ ក្រសួងទេសចរណ៍បានអនុវត្តកម្មវិធីពង្រឹងសមត្ថភាពស្ត្រី និងអ្នកពាក់ព័ន្ធតាមរយៈវគ្គបណ្តុះបណ្តាល សិក្ខាសាលាចំនួន៩លើក ដែលមានអ្នកចូលរួមសរុបចំនួន៩៨៩នាក់ ក្នុងនោះស្ត្រី៧០៦នាក់។ ទន្ទឹមនេះបានចុះពង្រឹងការងារគ្រប់គ្រងអាជីវកម្មឱ្យដំណើរការទៅតាមវិធាន និងនីតិវិធីប្រតិបត្តិស្តង់ដា និងបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ចំនួន៩ គោលដៅរួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ និងខេត្តពោធិ៍សាត់។ ក្រសួងក៏បានចាត់តាំងក្រុមការងារនៅថ្នាក់ជាតិ និងក្រោមជាតិដែលមានមន្ទីរទេសចរណ៍ជាសេនាធិការចុះជួបសំណេះសំណាលសួរសុខទុក្ខក្រុមនារីដែលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៅគ្រប់គោលដៅរាជធានី-ខេត្ត។

ក្នុងទិសដៅអនុវត្តបន្ត លោកស្រីរដ្ឋលេខាធិការ ហ៊ុន ដានី ក៏បានណែនាំទៅកាន់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងម្ចាស់អាជីវកម្មខិតខំចងក្រងក្រុមនារីក្នុងវិស័យទេសចរណ៍បន្ថែមទៀត ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ការចុះអប់រំណែនាំ ការបណ្ដុះបណ្តាល និងការជួយអន្តរាគមន៍ នៅពេលពួកគាត់ជួបប្រទះនូវបញ្ហាប្រឈម។ មន្ទីរទេសចរណ៍រាជធានី-ខេត្តក៏ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងម្ចាស់អាជីវកម្ម ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្តទេសចរណ៍ឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព៕