(ភ្នំពេញ)៖ ខេត្តបន្ទាយមានជ័យ គឺជាខេត្តដែលមានភាពល្បីល្បាញលើវិស័យកសិកម្ម និងជាប់ឈ្មោះជាខេត្តជង្រុកស្រូវរបស់កម្ពុជា ហើយក្នុងមូលដ្ឋានខេត្ត មានផ្ទៃដីដាំដុះស្រូវសរុបចំនួន៣០៥,០៣៥ហិកតា។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ» លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងមួយឆ្នាំខេត្តទទួលបានទិន្នផលស្រូវចន្លោះពី៩សែនតោន ទៅ១លានតោន ក្នុងនោះ ស្រូវវស្សា៧៦៨,៧៩៥តោនក្នុង១ឆ្នាំ ស្រូវប្រាំង២៥១,៣៦៨តោនក្នុង១ឆ្នាំ។

លោក អ៊ុំ រាត្រី បានអះអាងទៀតថា ក្នុងរយៈពេល៥ឆ្នាំនេះ បរិមាណស្រូវសរុបចំនួន ៤,៨១៥,៤៦៣តោន, ពោតក្រហម ចំនួន៣៩១,៦៣០តោន, ដំឡូងមី ១០,២៨២,២១៨តោន អំពៅ៧៤,៨៨១តោន។

ដោយឡែក សម្រាប់ប្រព័ន្ធធារាសាស្រ្តវិញ ដែលបានចុះបញ្ជីសារពើភ័ណ្ឌ (CISIS) សរុបចំនួន៨៧ប្រព័ន្ធ (ខ្នាតតូច ៦ប្រព័ន្ធ ខ្នាតមធ្យម ៧៥ប្រព័ន្ធ និងខ្នាតធំ៦ប្រព័ន្ធ) ស្ថិតនៅរាយប៉ាយតាមបណ្តា ក្រុង ស្រុកទូទាំងខេត្ត ដែលអាចធ្វើការស្រោចស្រពបានលើផ្ទៃដីចំនួន៦៣,២០២ហិកតា ផ្ទៃដីស្រូវវស្សាដែលទទួលបានពីប្រព័ន្ធស្រោចស្រពចំនួន២៧,៩៨៤ហិកតា ផ្ទៃដីស្រូវប្រាំងចំនួន៣៥,២១៨ហិកតា។

លោកអភិបាលខេត្តបានបន្ដថា សម្រាប់ផ្ទៃដីដំណាំឧស្សាហកម្មសរុបមានចំនួន១២២,៧៩២ហិកតា ក្នុងនោះដំឡូងមី១០២,៩៥៥ហិកតា ស្វាយចន្ទី៣,៥៨៩ហិកតា ពោតក្រហម១៣,៧៦១ហិកតា អំពៅ៥០១ហិកតា សណ្ដែកបាយ៥១ហិកតា ដំណាំបន្លែមានចំនួន៣,៥៣៨ហិកតា ដំណាំរួមផ្សំ មានចំនួន៥,៧៣៥ហិកតា។

ការងារគ្រឿងយន្តកសិកម្ម មានត្រាក់ទ័រចំនួន៣,៩១៣គ្រឿង, គោយន្តចំនួន៤៥,៩៦៥គ្រឿង, ម៉ាស៊ីនច្រូតចំនួន៨០២គ្រឿង, រោងម៉ាស៊ីនកិនស្រូវ និងកែច្នៃមានចំនួន៣៥៨កន្លែង, ម៉ាស៊ីនសម្ងួតមានចំនួន១៥កន្លែង ដែលមានសមត្ថភាពសម្ងួត ចំនួន២៣៥,៨០០តោនក្នុងមួយឆ្នាំ។

ការជំរុញការចិញ្ចឹមសត្វ ជារួមមានគោក្របីចំនួន១៣២,៤៦០ក្បាល, ជ្រូកសរុបចំនួន៤៦,៨៦៩ក្បាល និងបក្សីសរុបចំនួន១,៦៦៧,៣៩៩ក្បាល។ ក្នុងនោះមានកសិដ្ឋានចិញ្ចឹមលក្ខណៈពាណិជ្ជកម្ម ចំនួន៨៣កសិដ្ឋាន ដែលមានសត្វ ចំនួន៥៨៥,៥៨៧ក្បាល ក្នុងនោះគោចំនួន១៤កសិដ្ឋាន ស្មើ២,០១៣ក្បាល, ជ្រូកមានចំនួន ២០កសិដ្ឋាន ស្មើនឹង២៥,០៧៤ក្បាល និងបក្សី (មាន់ ទា) ចំនួន៤៩កសិដ្ឋាន ស្មើនឹង៥៥៨,៥០០ក្បាល។

ការអភិវឌ្ឍន៍វារីវប្បកម្ម ក្នុងរយៈពេល៥ឆ្នាំនេះ ផលនេសាទសរុបទទួលបានចំនួន ១៣០,៣០៨តោន ដែលក្នុងនោះ បានកែច្នៃផលនេសាទសម្រាប់ធ្វើការនាំចេញចំនួន ២,១៨៥តោន។

សហគមន៍កសិកម្មមាន ចំនួន៤៩សហគមន៍ សមាជិកសរុបចំនួន៤,៨០៥នាក់ និងមានទុនសរុបចំនួន១,៨១៤,៤០៦,៣០០រៀល។ សហគមន៍នេសាទចំនួន១៩សហគមន៍ ដែលមានសមាជិកសរុបចំនួន ១២,០៩៣នាក់។ សហគមន៍ព្រៃឈើមានចំនួន៩សហគមន៍ មានលើផ្ទៃដីចំនួន៣,៥៤៤ហិកតា គ្រួសារចំនួន១,៨០៣គ្រួសារ មនុស្សរាយចំនួន៤,៨៣៩នាក់៕