(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង (ស.ស.យ.ក) បានរៀបចំបើកកិច្ចប្រជុំស្តីពី ការរៀបចំព្រឹត្តិការណ៍ «សង្រ្កានបាត់ដំបង» ២០២៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំខ្មែរប្រពៃណីជាតិ។

ពិធីបើកកិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្ត និងលោក ស រដ្ឋា ប្រធាន ស.ស.យ.ក កម្ពុជាខេត្តបាត់ដំបង និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង មន្រ្តីរាជការ កងកម្លាំងសមត្ថកិច្ច ប្រធាន និងសមាជិក ស.ស.យ.ក ក្រុង ស្រុកក្នុងខេត្តផងដែរ។

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង នឹងធ្វើការរៀបចំ «សង្រ្កាន្ដបាត់ដំបង២០២៣» ដែលនឹងធ្វើការបើកជាផ្លូវការនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ហើយបញ្ចប់នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅឯក្រោយរូបសំណាកលោកតាដំបងគ្រញូង។

សូមជម្រាបជូនថា ក្រុមការងារកំពុងបន្តសកម្មភាពការងារយ៉ាងសកម្ម រៀបចំសាងសង់ ការតុបតែងលម្អ តាមតំបន់នីមួយៗ ឲ្យបានល្អដើម្បីបង្កលក្ខណ:សប្បាយ រីករាយដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ដែលចូលរួម ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង២០២៣ នាពេលខាងមុខនេះ៕