(តាកែវ)៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ អនុវត្តតាមផែនការពហុវិស័យរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ លេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀន ខេត្តតាកែវ សហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រជុំត្រួតពិនិត្យពង្រឹងយន្តការភូមិឃុំ ស គ្មានគ្រឿងញៀន នៅស្រុកគិរីវង់ ខេត្តតាកែវ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក យង់ សុវឌ្ឍនា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណ:កម្មាធិកាត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ និងឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោក ងួន ឌីណា អភិបាលស្រុកគិរីវង់ បានរាយការណ៍ពីសភាពការណ៍ការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងនោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអទិភាពមួយដែលស្រុកខិតខំតស៊ូបង្ការទប់ស្កាត់ បង្រ្កាប ដើម្បីសេចក្តីសុខ និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។

ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង បានថ្លែងការកោតសសើរ និងបានជម្រាបជូនពីសភាពការណ៍ទូទៅ នៃបញ្ហាគ្រឿងញៀនដែលគ្មាន សញ្ញាថមថយ ហើយឈ្មួញទុច្ចរិតតែងប៉ុនប៉ងលាក់លួចយកគ្រឿងញៀន សារធាតុគីមីផ្សំគ្រឿងញៀន ជាងនេះគឺប៉ុនប៉ងយកទឹកដីកម្ពុជាធ្វើជាកន្លែងកែឆ្នៃផលិតគ្រឿងញៀនថែមទៀត ដែលសមត្ថកិច្ចតែធ្វើការបង្រ្កាប។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ នាក់ យុទ្ធា បានលើកយកមកបង្ហាញពីគោលនយោបាយភូមិ ឃុំ ស គ្មានគ្រឿងញៀន ដែលជាយន្តការមានប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាប ព្យាបាលស្តារនិតិសម្បទា និងដោះស្រាយបញ្ហាគ្រឿងញៀន។

ក្នុងនាម លោក អ៊ូច ភា អភិបាលខេត្ត ក្នុងឱកាសដែរ លោកវេជ្ជបណ្ឌិត យង់ សុវឌ្ឍនា បានថ្លែងថា គណ:កម្មាធិកាត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវបានតស៊ូអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងផែនយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល។ ទន្ទឹមនោះ យន្តការភូមិ ឃុំ ស គ្មានគ្រឿងញៀនត្រូវបានពង្រឹង និងគ្រោងពង្រីកបន្ថែមភូមិឃុំ ជាប់ព្រំដែនមួយចំនួនទៀតដើម្បីពង្រឹងបាននូវ យន្តការប្រយុទ្ធប្រឆាំង គ្រឿងញៀននាំមកនូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ស្រុកគិរីវង់ជាស្រុកជាប់ព្រំដែនជាមួយប្រទេសវៀតណាមមានប្រវែង៣៦គីឡូម៉ែត្រ ឃុំជាប់ព្រំដែនចំនួន៥ និងភូមិជាប់ព្រំដែនចំនួន២៤៕