(ភ្នំពេញ)៖ មនុស្សចំនួន៩១៩នាក់បានស្លាប់ ខណៈ៣,៣០៩នាក់ផ្សេងទៀតបានរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកម្ពុជា រយៈពេល៦ខែដើមឆ្នាំ២០១៦ នេះបើតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលចុះផ្សាយដោយគេហទំព័រ អគ្គស្នងការនគរបាលជាតិ។
យោងតាមរបាយការណ៍ ដែលបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ត្រួតពិនិត្យរឹតបណ្តឹងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មីប្រចាំឆមាសទី១ ឆ្នាំ២០១៦ របស់គណៈកម្មធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០១៦ បានកើតឡើងចំនួន១.៩០០លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន៩១៩នាក់ និងរបួសធ្ងន់ស្រាលចំនួន៣,៣០៩នាក់ ភាគច្រើនកើតឡើងនៅរាជធានីភ្នំពេញចំនួន១៧២លើក ខេត្តព្រះសីហនុចំនួន១៥៨លើក និងខេត្តកំពង់ចាមចំនួន១០១លើក។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀត មូលហេតុដែលនាំឲ្យកើតគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនមកពីការបើកបរលើសល្បឿនកំណត់៤១ភាគរយ មិនប្រកាន់ស្តាំ១២ភាគរយ ស្រវឹង១១ភាគរយ មិនគោរពសិទ្ធិ១១ភាគរយ វ៉ាជែង១១ភាគរយ បត់៩ភាគរយ កត្តាយានយន្ត៣ភាគរយងងុយដេក១ភាគរយ និងកត្តាផ្សេងៗ១ភាគរយ។ ប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ គ្រោះថ្នាក់ថយចុះចំនួន២៧១លើក ស្មើ១២,៤ ភាគរយ អ្នកស្លាប់ថយចំនួន១០០នាក់ ស្មើ៩,៨ភាគរយ និងអ្នករបួសថយចំនួន៤៥១នាក់ស្មើ១២ភាគរយ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឯកភាព និងគាំទ្រចំពោះពង្រាងរបាយការណ៍ និងទទួលស្គាល់នូវរបាយការណ៍នៃការថយចុះនៃគ្រោះថ្នាក់ចរាចរណ៍នេះ។
សម្តេចបានកត់សម្គាល់ឃើញថា របាយការណ៍នេះ បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែង របស់គណៈកម្មធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាំងពីដំបូងរហូតមកដល់ពេលនេះ ហើយចាប់តាំងពីការដែលបានផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់នៅតាមដងផ្លូវ ដែលសាធារណជនធ្វើចរាចរណ៍ឃើញថា លទ្ធផលវាមិនបានតាមការរំពឹងទុក និងបំបាត់ឲ្យបាននូវគ្រោះថ្នាក់ចរាចរណ៍១០០ភាគរយក៏ពិតមែន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អាចកាត់បន្ថយនៃចំនួនគ្រោះថ្នាក់បាន៕