(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក (យប់២លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ (ស្រី២នាក់) រងរបួសធ្ងន់៦នាក់ និងរបួសស្រាល២នាក់ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន៩គ្រឿង រួមមានម៉ូតូចំនួន៤គ្រឿង រថយន្តធុនតូចចំនួន៣គ្រឿង, រថយន្តធុនធំ១គ្រឿង, យានផ្សេងៗ ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន២លើក, ស្រវឹង២លើក, ប្រជែង១លើក។
នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៤,៣៦៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ២,០២៨គ្រឿង និងពិន័យសរុប ២,៣៤០ គ្រឿង ៕