(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ព្រមទាំងបងប្អូនបង្កើតចំនួន៤រូប គឺឧកញ៉ា ឡេង ប្រុស, ឧកញ៉ា ឡេង និមល និងអ្នកស្រីឧកញ៉ា ឡេង បញ្ចពណ៌ បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនដុល្លារ ជូនដល់ដល់មូលនិធិតេជោ១២៥ ជាមួយសម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានកិត្តិយសនៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨ និងជាស្ថាបនិកសន្តិភាពនៅប្រទេសកម្ពុជា។

គណៈយុទ្ធមិត្ដជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ហៅកាត់ថា យ.ជ.ប.ទ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតឡើងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានកិត្តិយស, លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភា-រដ្ឋសភា និងអធិការកិច្ច ជាប្រធាន, នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស ជាអនុប្រធាន។

គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បង្កើតឡើងក្នុងគោលបំណង ដើម្បីថែរក្សាប្រពៃណី ស្នេហាជាតិ ការពារស្នាដៃ និងសមិទ្ធផល ព្រមទាំងសច្ចធម៌ប្រវត្តិសាស្រ្ត។ ទុកជាមរតកឲ្យមនុស្សតជំនាន់ បានសិក្សារៀនសូត្រ និងដើម្បីជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់យុទ្ធមិត្ត ពិសេសអ្នកដែលមានជីវភាពទន់ខ្សោយ ជួបទុក្ខលំបាក។

សូមបញ្ជាក់ថា គណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨នេះ មានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាប្រធានកិត្តិយស។ រីឯ «១២៥» គឺថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ជាថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទេសក៍ ដែលមានគោលដៅឆ្ពោះទៅវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រទេសជាតិ សង្រ្គោះអាយុជីវិតប្រជាជន៕