(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួសម និងផ្លាស់ប្តូរយោបល់នានាជុំវិញស្ថានភាពទូទៅនៃដំណើរការបោះឆ្នោតនៅកម្ពុជា រវាងលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក អ៊ូអិណុ អាត់ស៊ូស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ គ.ជ.ប កម្ពុជា ដែលបានរៀបចំការបោះឆ្នោតដោយខ្លួនឯងយ៉ាងទៀតទាត់ ហើយសម្រេចបានលទ្ធផលល្អ។
ជំនួបដែលធ្វើឡើងនាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ នៅទីស្តីការ គ.ជ.ប លោកឯកអគ្គរាជទូត បានបញ្ជាក់ថា សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣នេះ ភាគីជប៉ុនសង្ឃឹមថា នឹងប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ផងដែរ។
លោក អ៊ូអិណុ អាត់ស៊ូស៊ី បានបន្តទៀតថាលោកនឹងឆ្លៀតឱកាសជួបពិភាក្សាគ្នាជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ជាពិសេសទៅទៀតកំពុងពិចារណាជួយដល់អ្នកសង្កេតការណ៍បោះឆ្នោតក្នុងស្រុកផងដែរ។
លោកក៏បានថ្លែងអំណរគុណដល់ លោក ប្រាជ្ញ ចន្ទ ហើយបានបញ្ជាក់ថា ប្រសិនបើមានឱកាស ភាគីជប៉ុននឹងអញ្ជើញប្រធាន គ.ជ.ប ទៅមើលការបោះឆ្នោត នៅប្រទេសជប៉ុន។
ភាគីជប៉ុនក៏បានថ្លែងអំណរគុណដល់ប្រធាន គ.ជ.ប ដែលបានចំណាយពេលវេលាទទួលជួបពិភាក្សាការងារពាក់ព័ន្ធនឹងការបោះឆ្នោត និងបានរំលឹកឡើងអំពីទំនាក់ទំនងល្អរវាងប្រទេសជប៉ុន ជាមួយប្រទេសកម្ពុជា ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា។ លើសពីនេះ ស្ថានទូតជប៉ុនក៏មានទំនាក់ទំនងល្អជាមួយ គ.ជ.ប ផងដែរ ដោយមានកិច្ចសហប្រតិបត្តិការជាមួយគ្នាជាបន្តបន្ទាប់។ ក្នុងការជួបពិភាក្សានេះ ភាគីជប៉ុនក៏ចង់ស្វែងយល់ពី គ.ជ.ប អំពីការរៀបចំការបោះឆ្នោតក្នុងឆ្នាំ២០២៣នេះ និងដំណើរទស្សនកិច្ចរបស់ គ.ជ.ប ទៅកាន់សាធារណរដ្ឋបារាំង នាពេលថ្មីៗកន្លងមកនេះ។
នាឱកាសនោះដែរ ប្រធាន គ.ជ.ប បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលបានជួយដល់ គ.ជ.ប តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន ដែលសរុបជាទឹកប្រាក់មានជាង ១០លានដុល្លារ មានជំនួយជាសម្ភារ ស៊ើវើ (server) សម្រាប់ផ្ទុកទិន្នន័យអ្នកបោះឆ្នោត រថយន្ត ហិបឆ្នោត និងជំនាញការបច្ចេកទេសមកពីប្រទេសជប៉ុន។ បច្ចុប្បន្នតាមរយៈអង្គការ JICA គ.ជ.ប ក៏មានជំនាញការមួយរូបកំពុងជួយដល់ការងារអប់រំអ្នកបោះឆ្នោត។
ប្រធាន គ.ជ.ប បានជម្រាបជូនដល់ភាគីជប៉ុន ដូចតទៅ៖ ចាប់តាំងពីឆ្នាំ១៩៩៨ មក គ.ជ.ប កម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង ចំនួន ១៦លើករួចមកហើយ ដែលការបោះឆ្នោតនោះបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ សម្រាប់ពេលខាងមុខ គ.ជ.ប កំពុងរៀបចំការបោះឆ្នោតចំនួន២ គឺការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ចំនួន ៥ ដែលទើបបំបែក និងបង្កើតថ្មី នៅក្នុងខេត្តចំនួន៣ មានខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ និងការបោះឆ្នោតមួយទៀត ជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ផ្អែកលើច្បាប់ជាមូលដ្ឋាន គ.ជ.ប ត្រូវរៀបចំធ្វើយ៉ាងណាឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានការទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។ គ.ជ.ប មានរចនាសម្ព័ន្ធបោះឆ្នោតនៅថ្នាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្នាក់រាជធានី ខេត្តរៀបចំការបោះឆ្នោត នៅថ្នាក់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងថ្នាក់គណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ គ.ជ.ប ត្រូវរៀបចំ និងអនុម័តបទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត ប្រតិទិននៃការបោះឆ្នោត ផែនការមេ និងលិខិតបទដ្ឋានគតិយុត្តជាច្រើនទៀត ដើម្បីអនុវត្តតាមការងារជាក់ស្តែង។
ប្រធាន គ.ជ.ប ក៏បានជម្រាបជូនថា ការបោះឆ្នោតនៅកម្ពុជាមាន៤ ដំណាក់កាលគឺ ដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដំណាក់កាល នៃការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះ ដំណាក់កាលនៃការឃោសនាបោះឆ្នោត និងដំណាក់កាលនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
ចំពោះដំណាក់កាលទី១ គ.ជ.ប បានអនុវត្តចប់សព្វគ្រប់ហើយ ដែលអ្នកមានឈ្មោះក្នុង បញ្ជីបោះឆ្នោតមានជាង ៩លាននាក់ ស្មើនឹង ៨៩,២៨% ធៀបនឹងចំនួនប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង។ គ.ជ.ប ត្រូវការជ្រើសរើសមន្ត្រីកិច្ចសន្យាបន្ថែមទូទាំងប្រទេស សរុបប្រមាណ ១៥ម៉ឺននាក់ ដែលមន្រ្តីទាំងនោះមាននៅថ្នាក់ គ.ជ.ប ថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត។ ហើយនៅពេលខាងមុខ គ.ជ.ប នឹងបន្តជ្រើសរើសគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងមន្រ្តីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ជាបន្តទៀត។ មន្រ្តីជាប់កិច្ចសន្យាដែលត្រូវបានជ្រើសរើសទាំងនោះនឹងត្រូវធ្វើការបណ្តុះបណ្តាលជាបន្តបន្ទាប់។
នៅថ្ងៃទី២៤ ខែមេសា ខាងមុខនេះ គឺជាដំណាក់កាលនៃការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះ។ គណបក្សនយោបាយដែលចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ អាចដាក់បញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះបោះឆ្នោត ស្របតាមបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។ គណបក្សនយោបាយមួយចំនួនបាននិងកំពុងរៀបចំបញ្ជីបេក្ខជនរបស់ខ្លួនជាបណ្តើរៗ ហើយ ដោយ គ.ជ.ប បានជួយសម្រួលផ្តល់ដល់គណបក្សនយោបាយនូវកម្មវិធីគ្រប់គ្រង ការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ត្រៀមការងារជាមុន ហើយអាចនឹងមានគណបក្សនយោបាយជាច្រើនចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។
គណបក្សនយោបាយមានសិទ្ធិធ្វើការឃោសនាតាមគ្រប់រូបភាព និងតាមធនធានរបស់ខ្លួន នៅតាមទីសាធារណៈ។ លើសពីនេះ គ.ជ.ប រៀបចំកម្មវិធីស្មើភាពសម្រាប់គណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយនូវកម្មវិធីនយោបាយរបស់គណបក្ស ផ្សាយតាមវិទ្យុ និងទូរទស្សន៍របស់រដ្ឋ។
សម្រាប់ការបោះឆ្នោតនៅពេលខាងមុខនេះ ការិយាល័យបោះឆ្នោត សរុបទាំងអស់មាន ចំនួន ២៣.៧៨៩ការិយាល័យ ដែលការបោះឆ្នោតចាប់ផ្តើមបើកដំណើរការពីម៉ោង ៧:០០ព្រឹក ដល់ម៉ោង ១៥:០០រសៀល។ ដំណើរការរាប់សន្លឹកឆ្នោតត្រូវអនុវត្តនៅនឹងការិយាល័យបោះឆ្នោត នោះតែម្តង បន្ទាប់ពីបិទការបោះឆ្នោត។ ភ្នាក់ងារនៃគណបក្សនយោបាយ ដែលមានវត្តមាននៅក្នុងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត មានសិទ្ធិប្តឹងតវ៉ាក្នុងករណីសង្កេតឃើញមាន ភាពមិនប្រក្រតី។
ចំពោះការសង្កេតការណ៍បោះឆ្នោត លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា គ.ជ.ប តែងតែអញ្ជើញអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដើម្បីឱ្យចូលរួមសង្កេតមើលគ្រប់ការបោះឆ្នោត ហើយនៅពេលខាងមុខនេះ គ.ជ.ប ក៏នឹងអញ្ជើញអ្នកសង្កេតការណ៍ឱ្យចូលរួមសង្កេតមើលការបោះឆ្នោតនេះផងដែរ។ ជាពិសេសទៅទៀត គ.ជ.ប នឹងអញ្ជើញស្ថានទូត នៃប្រទេសនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យមើលការបោះឆ្នោត។
ប្រធាន គ.ជ.ប បានបញ្ជាក់បន្ថែមថា កំណត់ហេតុនៃការរាប់ សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២) ត្រូវបានបិទផ្សាយនៅមុខការិយាល័យបោះឆ្នោត ដើម្បីឱ្យភ្នាក់ងារគណបក្សនយោបាយថតទុកជាឯកសារ ហើយនៅយប់ថ្ងៃបោះឆ្នោត គ.ជ.ប ធ្វើការ ផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ។
លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា ចំពោះការដោះស្រាយបណ្តឹង ពាក់ព័ន្ធនឹងការបោះឆ្នោត ត្រូវធ្វើឡើងតាមឋានានុក្រមតាំងពីថ្នាក់ការិយាល័យបោះឆ្នោត ថ្នាក់ឃុំ សង្កាត់រៀបចំការបោះឆ្នោត ថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ថ្នាក់ គ.ជ.ប និងដល់ក្រុមប្រឹក្សាធម្មនុញ្ញ។
ពាក់ព័ន្ធនឹងការអប់រំអ្នកបោះឆ្នោត ប្រធាន គ.ជ.ប បានជម្រាបជូនថា ដោយមានកិច្ចសហប្រតិបត្តិការជាមួយជំនាញការបោះឆ្នោតមកពីអង្គការ JICA ប្រចាំនៅ គ.ជ.ប គ.ជ.ប បានចុះទៅធ្វើការផ្សព្វផ្សាយអប់រំជាប្រចាំដល់សិស្ស និស្សិត នៅតាមសាលារៀន និងសាកលវិទ្យាល័យមួយចំនួន។ ក្រៅពីនេះ គ.ជ.ប បានផលិតឯកសារ និងកម្មវិធីអប់រំផ្សព្វផ្សាយ ដើម្បីធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីការបោះឆ្នោតបន្ថែមទៀត។
ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចសង្កេតមើលការបោះឆ្នោតនៅសាធារណរដ្ឋបារាំង លោក ប្រាជ្ញ ចន្ទ បានថ្លែងថា ប្រព័ន្ធបោះឆ្នោតនៅប្រទេសបារាំង មិនដូចប្រព័ន្ធបោះឆ្នោនៅកម្ពុជាទេ ក៏ប៉ុន្តែការរៀបចំការបោះឆ្នោតមានគោលដៅដូចគ្នា គឺការបោះឆ្នោត ត្រូវតែប្រកាន់យកតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស៕