(ស្ទឹងត្រែង)៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ ដឹកញ្ជូនគ្រឿងញៀនឆ្លងដែនជាក់ស្តែង ដោយចាប់ខ្លួនបានជនសង្ស័យជនជាតិឡាវ២នាក់ ជាមួយនឹងថ្នាំញៀន១៣គីឡូក្រាម។
ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងដោយមានការសម្របសម្រួលលោក ជេត ខេមរា ព្រះរាជអាជ្ញាខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យិន បញ្ញារិទ្ធ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាប់ឃាត់ជនសង្ស័យ នៅចំណុចស្ពានទី២ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុក បុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។
ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ណុក សុវណ្ណាសាន ភេទប្រុស និងឈ្មោះ សៃសុងខាម កែវគង់មឿង ភេទប្រុស ជាជនជាតិឡាវ។ សម្រាប់វត្ថុតាងដែលឃាត់បានរួមមាន៖ គ្រឿងញៀន ១៣ដុំប្រមាណ ១៣គីឡូក្រាម, រថយន្ត ១គ្រឿង ម៉ាក CARENS ពណ៌ខ្មៅ ផ្លាកលេខឡាវ ១៨១១ សុវណ្ណខេត្ត និងម៉ូតូចាស់ មិនមានម៉ាក អត់ផ្លាកលេខ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូន ទៅតុលាការតាមនីតិវិធី។
សូមជម្រាបថា កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ប្រធានមន្ទីរ បានខិតខំបំពេញការងារជំនាញរបស់ខ្លួនយ៉ាងសកម្ម បង្ក្រាបបាននូវករណីជួញដូរគ្រឿងញៀនធំៗជាបន្តបន្ទាប់ ស្របតាមអនុសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដែលជំរុញឲ្យកម្លាំងជំនាញខិតខំប្រឹងបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យអស់ ពិសេសបទល្មើសធំៗ៕