(ភ្នំពេញ)៖ វ៉ាក់សាំងប្រមាណជិត ៥សែនដូស ប្រភេទ Pfizer ដែលជាជំនួយរបស់អាមេរិក តាមរយៈយន្តការកូវ៉ាក់ (COVAX Facility) អង្គការ UNICEF បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់យ៉ាងដូច្នេះថា «វ៉ាក់សាំងជំនួយរបស់សហរដ្ឋអាមេរិកតាមរយៈ COVAX Facility ដែលទទួលបានការអនុញ្ញាត ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យទទួលយកជាដំណាក់កាលៗចំនួន ១លានដូសសិន ឥទ្បូវនេះវ៉ាក់សាំងជំហានទី១ ចំនួន ៤៩៨,២៤០ ដូសប្រភេទ Pfizer បានមកដល់កម្ពុជានៅវេលាម៉ោង ២៣៖០០នាទីយប់នេះ តាមជើងយន្តហោះកាតា»។
ក្នុងនាមរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល សូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក យន្តការកូវ៉ាក់ អង្គការសុខភាពពិភពលោក (WHO) និងដៃគូផ្សេងៗទៀត ដែលសហការសម្របសម្រួលទាំងបច្ចេកទេស និងថវិកា ជំរុញឲ្យកម្ពុជា បានទទួលនូវវ៉ាក់សាំងកូវីដ-១៩ ទាន់ពេលវេលា៕