(តាកែវ)៖ សហគមន៍កសិកម្មកំពែងសុខសែនសំបូរ នាព្រឹកថ្ងៃអាទិត្យទី២៦ ខែមីនា ឆ្នាំ២០២៣ បានរៀបចំមហាសន្និបាតបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ឆឺយ រឿន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពែង។
សហគមន៍កសិកម្មកំពែងសុខសែនសំបូរ ជាសហគមន៍កសិកម្មមួយក្នុងចំណោមសហគមន៍កសិកម្មទាំង១៣ នៃស្រុកគិរីវង់ ខេត្តតាកែវ ដែលត្រូវបានបង្កើតកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ក្នុងគោលបំណងចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ពិសេសផ្ដល់ភាពងាយស្រួលក្នុងការផ្ដល់ដើមទុនក្នុងរបរកសិកម្ម និងអាជីវកម្មខ្នាតតូច។
មកដល់បច្ចុប្បន្ន សហគមន៍ សម្រេចបាននូវវឌ្ឍនភាពជាវិជ្ជមានលើការបង្កើតមុខរបរ ៣សំខាន់ៗគឺ៖ មុខរបរឥណទាន (ប្រាក់បញ្ញើសន្សំ ប្រាក់ផ្ញើធនាគារ ប្រាក់ឱ្យគេខ្ចី), មុខរបរផ្គត់ផ្គង់(ទិញពីខាងក្រៅយកមកផ្គត់ផ្គង់ជូនសមាជិកសហគមន៍កសិកម្ម និងអ្នកខាងក្រៅ ដូចជាផ្គត់ផ្គង់ជីកសិកម្ម ជាដើម), និងមុខរបរទីផ្សារ(លក់ដូរផលិតផលកសិកម្ម ស្រូវ ជាដើម) តាមរយៈការប្រើប្រាស់នូវដើមទុនដែលបានមកពីភាគហ៊ុនរបស់សមាជិក និងអ្នកមិនមែនជាសមាជិកទិញហ៊ុន (ក្នុង១ហ៊ុន តម្លៃ ៥០.០០០រៀល) ដែលបច្ចុប្បន្ន ចំនួនហ៊ុនរបស់សហគមន៍បានកើនឡើងដល់ ៤៥៤៦ហ៊ុន ហើយប្រាក់ចំណេញសម្រាប់ឆ្នាំ២០២២ គឺទទួលបានដល់ទៅ៥៥០០រៀល/មួយហ៊ុន ដែលធ្វើឱ្យសហគមន៍រីករាយ និងបន្តចូលរួមគាំទ្រទិញហ៊ុនបន្ថែមទៀតជាហូរហែរ។
ជាមួយគ្នានេះ ដើម្បីពង្រឹងសក្តានុពលរបស់សហគមន៍ អង្គមហាសន្និបាតបានឯកភាពបែងចែកប្រាក់ចំណេញជូនដល់សមាជិកជាម្ចាស់ហ៊ុនទៅតាមចំនួនហ៊ុន ដោយរក្សានូវប្រាក់ដើមដែលជាតម្លៃហ៊ុន សម្រាប់គាំទ្រដល់សកម្មភាព និងមុខរបររបស់សហគមន៍ បន្តទៅមុខទៀត។
ជាមួយនឹងវឌ្ឍនភាពជាវិជ្ជមាននៃសហគមន៍កសិកម្មកំពែងសុខសែនសំបូរ ដែលឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃមហាសន្និបាតនាថ្ងៃនេះ លោក ឆឺយ រឿន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពែង បានយកឱកាសនេះសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ និងឃុំកំពែង ព្រមទាំងគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃឃុំកំពែង ក៏ដូចជាសមាជិក សមាជិកាទាំងអស់ដែលបានចូលរួមផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងបានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួលដំណើរការរបស់សហគមន៍កំពែងសុខសែនសំបូរ។
បន្ថែមពីលើនេះ លោក ឆឺយ រឿន បានលើកឡើង និងគាំទ្រនូវគម្រោងបដិភាគ ៥០%+៥០% រវាងប្រជាពលរដ្ឋ និងក្រុមការងារចុះមូលដ្ឋាន ដើម្បីគាំទ្រគម្រោងស្ថាបនាផ្លូវលំជនបទ ផ្លូវដី ផ្លូវក្រាលគ្រួសភ្នំ និងស្ដារប្រឡាយនានា ឱ្យសម្រេចជារូបរាងឡើងនៅទូទាំងឃុំកំពែង ដែលបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគិតបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា៕