(ភ្នំពេញ)៖ ក្រុមសារព័ត៌មានដែលគេដឹងថាជាអ្នកឃោសនាឱ្យអតីតក្រុមប្រឆាំង កន្លងទៅនោះ នៅពេលនេះបានទម្លាយអំពី រឿងបក្ខពួកនិយម ក្នុងគណបក្សភ្លើងទៀន ចំពោះការតែងតាំងប្រធានក្រុមការងារតាមបណ្តាខេត្តមួយចំនួន បណ្តាលឱ្យរង្គោះរង្គើផ្ទៃក្នុងយ៉ាងខ្លាំងក្លា។
សារព័ត៌មាននេះ បានលាតត្រដាងអំពីភាពមិនប្រក្រតី បក្ខពួកនិយម និងស៊ីរូងផ្ទៃក្នុងរបស់គណបក្សភ្លើងទៀន នៅមូលដ្ឋានសក្តានុពលមួយចំនួន ដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង រាជធានីភ្នំពេញ និងខេត្តព្រះសីហនុជាដើម។
ប្រភពខាងលើ បានលាតត្រដាងថា សម្រាប់នៅខេត្តបន្ទាយមានជ័យ លោក ចៅ វាសនា ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីគណបក្សភ្លើងទៀនរហូតដល់ជាប់ពន្ធនាគារនោះ បានរងនូវភាពអយុត្តិធម៌ ដោយសារមេដឹកនាំកំពូលរបស់គណបក្សភ្លើងទៀនបក្ខពួកនិយម ពុករលួយ ស៊ីរូងផ្ទៃក្នុង ដោយពុំបានតែងតាំងរូបលោកជាប្រធានក្រុមការងារគណបក្សខេត្តបន្ទាយមានជ័យឡើយ បែរជាតែងតាំង លោក ប្រាក់ រស្មី ជាប្រធានក្រុមការងារខេត្តបន្ទាយមានជ័យជំនួស ដែលបុគ្គលម្នាក់នេះពុំមានសមត្ថភាពនោះទេ ហើយជាអ្នកដែលចាញ់នៅក្នុងខេត្តផ្សេងផងដែរ។
ចំណែកនៅឯខេត្តបាត់ដំបងឯនោះវិញ អ្នកនាង ស៊ិន ចាន់ពៅរ៉ូហ្សេត ក៏មានការអាក់អានចិត្តចំពោះគណបក្ស និងថ្នាក់ដឹកនាំ ដែលដាក់នាងដែលធ្លាប់មានប្រជាប្រិយឱ្យឈរជាបេក្ខភាពលេខរៀងទី៣ ប៉ុន្តែដាក់លោក សុខ ហាច លេខរៀងទី១ និងលោកសេង ម៉ារ៉ាឌី លេខទៀងទី២ ទៅវិញ។
ទន្ទឹមនឹងគ្នានេះ សម្រាប់នៅរាជធានីភ្នំពេញ បណ្តាមេដឹកនាំគណបក្សភ្លើងទៀននៅមូលដ្ឋាន ពុំពេញចិត្តចំពោះការតែងតាំង លោក ជា ប៉ូច ជាប្រធានក្រុមការងាររាជធានីភ្នំពេញនោះឡើយ ជាពិសេស លោក ហ៊ុយ ធី ដែលតាំងខ្លួនជាតំណាងសមាជិកក្រុមប្រឆាំងទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នមពេញ ដោយបុគ្គលរូបនេះ បានទាមទារឱ្យលោក ជា ប៉ូច ទៅកាន់ការងារតាមបណ្តាខេត្តវិញ។
បន្ថែមពីនេះ នៅខេត្តព្រះសីហនុឯនោះវិញ ក៏មានការផ្ទុះនូវជម្លោះផងដែរ ក្រោយមានការតែងតាំង លោក អ៉ឹម សូនិត្យ ជាប្រធានក្រុមការងារបណ្តោះអាសន្ន ដែលបុគ្គលម្នាក់នេះ ត្រូវបានគេទម្លាយថា ប្រមូលផ្តុំដោយរឿងអាស្រូវជាច្រើន។ មានការអះអាងថា ប្រសិនបើតែងតាំងបុគ្គនេះ នោះលោក សំរិទ្ធ ប៊ុនថល់ ជាថ្នាក់ដឹកនាំមួយរូបមូលដ្ឋាននេះ នឹងប្តឹងរំលាយគណបក្ស ប៉ុន្តែចុងក្រោយគណបក្សបានចាត់ លោក គឹមសួរ ភិរិទ្ធ ដែលជាអ្នកនាំពាក្យ ជាអ្នកក្រុមការងារចំពោះកិច្ចដើម្បីដោះស្រាយបញ្ហាវិវាទនៅក្នុងបក្សនៅមូលដ្ឋាននេះ ប៉ុន្តែបុគ្គលនេះបែរជាកាន់តំណែងនេះខ្លួនឯងទៅវិញ បណ្តាលឱ្យបញ្ហាផ្ទៃក្នុងកាន់តែខ្លាំងឡើងៗ៕