(ត្បូងឃ្មុំ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បើកកិច្ចប្រជុំស្ដីពីការផ្លាសប្ដូរព័ត៌មាន បទពិសោធន៍ និងពង្រឹងកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទរវាងខេត្តចំនួន៤ដែលជាប់ព្រំដែនគ្នា រួមមាន ខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ និងខេត្តព្រៃវែង។
កិច្ចប្រជុំនេះ ធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ ក្នុងនោះក៏មានការចូលរួមពី ប្រធាននាយកដ្ឋានជំនាញ ស្នងការ/ស្នងការរងនគរបាលខេត្តទាំង៤ អធិការស្រុក/ក្រុងទាំង៧ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក មួង សុធា បានឲ្យដឹងថា គោលដៅក្នុងកិច្ចប្រជុំនាពេលនេះ គឺដើម្បីបន្តអនុវត្ត បង្ការទប់ស្កាត់ និងបង្ក្រាប រាល់បទល្មើសឧក្រិដ្ឋ ក្នុងគោលបំណងចូលរួមកាត់បន្ថយបទល្មើសព្រហ្មទណ្ឌឲ្យមានការថយចុះ និងស្របតាមផែនការសកម្មភាព ឆ្នាំ២០២៣ រួមមាន៖ ជំរុញតាមបណ្តាស្នងការដ្ឋានខេត្ត សហការជាមួយក្រុមការងារ នៃនាយកដ្ឋានជំនាញ ដើម្បីធ្វើបញ្ជីគ្រប់គ្រង និងតាមដានបច្ចុប្បន្នភាពបទឧក្រិដ្ឋឲ្យបានទៀងទាត់។
ជំរុញការតស៊ូរាយការណ៍លើសំណុំរឿងបទឧក្រិដ្ឋ និងស្រាវជ្រាវស្វែងរកបង្ក្រាបចាប់ខ្លួនជនសង្ស័យ ដែលនៅសេសសល់ និងពង្រឹងការកសាងឯកសារផ្នែកបច្ចកទេស និងវិទ្យាសាស្ត្រ បញ្ចូលក្នុងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ សហការជាមួយការិយាល័យជំនាញពាក់ព័ន្ធ (ព្រហ្មទណ្ឌធ្ងន់-ស្រាល គ្រឿងញៀន និងជួញដូរ) ធ្វើសាវតាជាតិ និងប័ណ្ណសារមុខសញ្ញាឃាត់ខ្លួនពាក់ព័ន្ធ និងការលួចឆក់ជាដើម។
លោកឧត្តមសេនីយ៍ឯក មួង សុធា ផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំស្នងការនគរបាលខេត្តទាំង៤ ត្រូវយកចិត្តទុកដាក់ក្តាប់សភាពការណ៍បទល្មើស និងកិច្ចប្រតិបត្តិការបង្ការបង្ក្រាបឲ្យទាន់ពេលវេលារាល់បទល្មើសដែលបានកើតឡើង ប្រមូលកម្លាំងចាត់តាំងល្បាតជាប្រចាំ ទាំងរូបភាពចំហ និងសម្ងាត់ ធ្វើការសិក្សាវាយតម្លៃអំពីមុខសញ្ញាពាក់ព័ន្ធបទល្មើសគួបផ្សំនឹងកាស៊ើបអង្កេតប្រកបទៅដោយជំនាញច្បាស់លាស់ ជំរុញ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរបបរាយការណ៍អំពីបទល្មើស ហើយសហការជាមួយស្ថាប័នពាក់ព័ន្ធ រដ្ឋអំណាចមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ប្រជាជន មហាជន ក្នុងការក្ដាប់កាសភាពការណ៍ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលកើតមានឡើងទាន់ពេលវេលា។
លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា កន្លងទៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានសហការជាមួយ ខេត្តជាប់ព្រំប្រទល់ ខេត្តកំពង់ចាម ក្រចេះ និងព្រៃវែង ដោយអនុវត្តតាមតួនាទី និងភារកិច្ច ការងាររបស់ថ្នាក់ដឹកនាំប្រគល់ជូនបានយ៉ាងល្អប្រសើរ នាពេលកន្លងមក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕